(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ជូនស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីបែងចែកតាមប៉ុស្តិ៍រដ្ឋបាល សម្រាប់ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យបឋម នៅក្នុងមូលដ្ឋានរបស់ខ្លួន។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងខាងលើនោះ ជាអំណោយរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តាមរយៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្ត ។

ដោយឡែក លោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ១៧គ្រឿង (+រថយន្តស្ទូច ១គ្រឿង)។

ក្នុងនោះស្នងការដ្ឋាននគបាលខេត្តមាន៤គ្រឿង, អធិការដ្ឋាននគរបាលស្រុកបាធាយ២គ្រឿង, ស្រុកស្រីសន្ធរ២គ្រឿង, ស្រុកព្រៃឈរ២គ្រឿង និងនៅតាមបណ្តាក្រុងស្រុកទាំង៧ទៀត ក៏មានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងៗផងដែរ បូករួមទាំងថ្ងៃនេះទទួលបាន៣គ្រឿងបន្ថែមទៀត៕