(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។

ដោយឡែក ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក សមាជិកា ស.ស.យ.ក. អាចធ្វើបាន។ ជាកត្តាប្រវត្តិសាស្ត្រ ការចូលរួមរបស់ សសយក គឺស្ថិតក្នុង DNA របស់ស.ស.យ.ក. ផ្ទាល់។ នៅពេលកកើត ស.ស.យ.ក. ជាផ្នែកមួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានបេសកកម្មតែមួយគត់ គឺដាក់ជីវិតជាដើមទុនក្នុងការរំដោះ និងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលយើងហៅថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ នាំឲ្យស្ទើរគ្រប់គ្រួសារខ្មែរ បាត់បង់សមាជិក និងបែកបាក់គ្នា ជាមួយសោកនាដកម្ម ដែលសង្គមយើងនៅតែទទួលរងផលប៉ះពាល់មកដល់ថ្ងៃនេះ ហើយក៏ជាសោកនាដកម្មដែលយើងគួរផ្សារភ្ជាប់ទៅនឹង ពាក្យថា «បំភ្លេចម្តេចបាន»

ស.ស.យ.ក. ក៏ចូលរួមជាបន្តបន្ទាប់ ក្នុងស្ថានភាពវិបត្តិ ដូចជាការប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ ក្នុងពេលដែលសង្គមកម្ពុជាបានជួបប្រទះ បញ្ហាប្រឈមពាក់ព័ន្ធទៅនឹងប្រធានបទ សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា ដូចជា ករណី ប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨-២០១១ ករណី CLV ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទរសើប និងសំខាន់ ដែលទាមទារឲ្យយើងត្រូវផ្តល់នូវការជឿជាក់ ត្រៀមស្មារតី និងការចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់ជាកម្លាំង ក្នុងក្របខណ្ឌជាផ្នែកមួយនៃខឿនការពារជាតិប្រជាជន ក្នុងគោលដៅបង្ហាញនូវភាពសុចរិត ការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី ដើម្បីប្រែក្លាយបន្ទាត់ព្រំដែន ឲ្យទៅជាបន្ទាត់ព្រំដែន ដែលមានចំណងមិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ។

និយាយជារួម ស.ស.យ.ក. ត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មិនថាក្នុងស្ថានភាពដែលសង្គមជាតិមានភាពសម្បូរសប្បាយ ឬពេលសង្គមកម្ពុជាឆ្លងកាត់វិបត្តិនោះទេ ក្រុមគ្រួសារសសយក នឹងត្រៀមខ្លួនចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ ដើម្បីស្នាមញញឹម ភាពសម្បូរសប្បាយ និងភាពរីកចម្រើនសម្រាប់សង្គមកម្ពុជា។

លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក. ក៏ដូចជាយុវជនខ្មែរ ដែលជា ទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដែលពោរពេញដោយសក្តានុពល ឧត្តមគតិស្នេហាជាតិ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផ្នែកមួយខ្វះមិនបាន និងជាថាមពលបន្ថែម ក្នុងការធ្វើជា ខែលនៃខឿនការពារជាតិ (shield of national defense) និងជាកម្លាំងក្នុងការជំរុញដើម្បីភាពរីកចម្រើនរបស់កម្ពុជាថ្ងៃនេះ និងទៅអនាគត។

យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់កម្ពុជា ហើយយុវជនអាចចូលរួមទាំងអស់គ្នាបានតាមរយៈការខំប្រឹងប្រែងរៀនសូត្រ ខំប្រឹងប្រែងធ្វើការ ខំប្រឹងប្រែងសម្រេចក្តីស្រមៃរៀងៗខ្លួន ដើម្បីខ្លួនឯង ដើម្បីគ្រួសាររបស់ខ្លួន ព្រោះភាពជោគជ័យរបស់ប្អូនៗម្នាក់ៗ គឺជាភាពជោគជ័យរបស់ប្រជាជាតិទាំងមូល។ លើសពីនេះ ត្រូវចូលរួមដោយ បន្ទរឲ្យឮខ្លាំងឡើង នៃភាពជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនក្នុងគ្រប់ស្ថានភាព ដែលប្រជាជាតិយើងត្រូវការយើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕