(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដានសភាពការណ៍ តែកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ។
ការប្រកាសអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើឡើង នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «យើងក៏អំពាវនាវដល់ប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់តាមដានសភាពការណ៍នេះ តែសុំកុំស្លន់ស្លោ ហើយផ្តល់ការគាំទ្រ លើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានដឹងថាកងទ័ពថៃ បានរៀបចំលេណដ្ឋាន។ ប៉ុន្តែ ការរៀបចំលេណដ្ឋាននេះ គឺរៀបចំចុះតែសុំកុំមករៀបចំនៅលើទឹកដីរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនដែលបាននាំយកអំណោយ ស្បៀងអាហារ និងថវិកា ព្រមទាំងចុះសួរសុខទុក្ខដល់កងទ័ព ដើម្បីជាលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ។
គួរឱ្យដឹងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមកំរើកឡើងវិញ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ បន្ទាប់ពីកងទ័ពថៃ បានលួចឆ្មក់បាញ់ប្រហារបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ដែលឈរជើងនៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ត្រូវពលី។ យោធិនរូបនោះមានឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាមួយគ្នានឹងស្ថានភាពក្តីគគុកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនានេះដែរ ក៏បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព។
បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព៕