(សិង្ហបុរី)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ នៅប្រទេសសិង្ហបូរី, លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Chan Heng Kee រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិសិង្ហបូរី។

ក្នុងឱកាសនោះ លោក Chan Heng Kee បានថ្លែងអំណរគុណដល់ប្រតិភូកម្ពុជាដែលបានគាំទ្រ និងចូលរួមកិច្ចសន្ទនាសាំងហ្រ្គីឡា ដោយលោកបានកត់សម្គាល់ថា ការចូលរួមរបស់រដ្ឋមន្រ្តីការពារជាតិ និងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសនានា គឺជាសារៈសំខាន់សម្រាប់ភាពជោគជ័យនៃកិច្ចសន្ទនាដ៏មានសារសំខាន់នេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានវាយតម្លៃខ្ពស់ពីសារសំខាន់ ជាយុទ្ធសាស្រ្តនៃកិច្ចសន្ទនាសាំងហ្រ្គីឡា និងបានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សិង្ហបូរី ដែលកំពុងមានការរីកចម្រើនគួរកត់សម្គាល់។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរ បានបញ្ជាក់អំពីទំនាក់ទំនងការពារជាតិប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគីដែលមានអាស៊ានជាស្នូល។
ភាគីទាំងពីរ បានរំលឹកអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសសិង្ហបូរី កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា-សិង្ហបូរី ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាលយោធា ក៏ដូចជាការជំរុញការផ្លាស់ប្តូរមន្រ្តីយោធាគ្រប់កម្រិតរវាងប្រទេសទាំងពីរ។

ភាគីសិង្ហបូរី សន្យានឹងគិតគូរលើការគាំទ្របន្ថែមទៀត ដល់ការបណ្តុះបណ្តាលយោធាកម្ពុជា ក៏ដូចជាការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូជំនាញ និងអភវិឌ្ឍន៍កម្មវិធីសិក្សារបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និង រដ្ឋមន្រ្តីការពារជាតិអាស៊ានបូក (ADMM-Plus) ក្នុងនោះរួមមានកិច្ចសហការរវាងក្រុមការងារជំនាញ ADMM-បូក ស្តីពីសន្តិសុខសាយប័រ (ដែលកម្ពុជា និងអូស្រ្តាលីជាសហប្រធាន) ជាមួយនឹងមជ្ឈមណ្ឌល ឧត្តមភាពព័ត៌មាន និងសាយប័រ (ACICE) ក្រោមក្របខណ្ឌ ADMM ដែលមានមូលដ្ឋាននៅសិង្ហបូរី។

នៅក្នុងឱកាសនៃជំនួប លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានស្នើឱ្យមានកិច្ចពិភាក្សាឱ្យបានទៀងទាត់ រវាងក្រសួងការពារជាតិកម្ពុជា និងសិង្ហបូរី ទាំងកម្រិតបច្ចេកទេស និងនយោបាយ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យដ៏មានសក្តានុពលនានាបន្ថែមទៀត៕