(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាក្រុមការងារថ្នាក់ខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោក សួន សុម៉ាលីន សូមចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាទីស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំនេះពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក សួន សុម៉ាលីន និងក្រុមការងារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារនៃសព ដែលអំណោយទាំងនោះរួមមាន៖ ផ្ទះ១ខ្នង ដែលមានភ្ជាប់ដោយប្រព័ន្ធទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងកង់អគ្គិសនីចំនួន ២គ្រឿង ជូនដល់កូនៗរបស់សព ទុកសម្រាប់ការប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅមកក្នុងការសិក្សា និងការប្រើប្រាស់ប្រចាំថ្ងៃ៕