(ភ្នំពេញ)៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តរៀបចំនីតិវិធីនាំយកករណីវិវាទព្រំដែនខ្មែរ-ថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) ឱ្យជួយកាត់ក្តី រកខុសត្រូវ ដើម្បីបញ្ចប់រឿង ឬហៅម្យ៉ាងទៀតតាមប្រសាសន៍ សម្តចតេជោ ហ៊ុន សែន ថា ដើម្បី «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»។
លោក ព្រាប កុល រដ្ឋមន្ត្រីមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ការសម្រេចចិត្តប្តឹងទៅ ICJ នេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹង និងជាធ្លុងមួយ ពីសំណាក់សមាជិកនៃអង្គសមាជពិសេសនៃរដ្ឋសភា និងព្រឹទ្ធិសភា គណបក្សនយោបាយទាំងអស់ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងសាកលលោក ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីសាមគ្គីភាពដ៏រឹងមាំ និងឯកភាពជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល ភាពឈ្លាសវៃ និងប៉ិនប្រសព្វ នៃសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា ឯកសារប្រវត្តិសាស្ត្របានកត់សម្គាល់យ៉ាងច្បាស់ថា ប្រទេសថៃតែងប៉ុនប៉ងទន្ទ្រានយកទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយធ្លាប់បង្ករឱ្យមានទំនាស់ប្រដាប់អាវុធ ជាពិសេសនៅតំបន់មុំបី ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របៃ។ ល។ ដែលបង្ករឱ្យមានពលទាហានរងរបួស និងស្លាប់ផងដែរ ដែលទង្វើបែបនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងឈ្លានពានទឹកដីយ៉ាងគឃ្លើន។
គួររំឮកថា នៅឆ្នាំ ១៩៦២ កម្ពុជាធ្លាប់បានឈ្នះក្តីម្តងរួចទៅហើយនៅ ICJ ដែលស្ថាប័ននេះបានទទួលស្គាល់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីរបស់កម្ពុជា និងបានដាក់លក្ខខណ្ឌឱ្យថៃដកកងទព្ធ័របស់ខ្លួនចេញពីប្រសាទព្រះវិហារ។ ករណីនេះជាភស្តុតាងដែលបញ្ជាក់ថា ថៃធ្លាប់បានប៉ុនប៉ងលេបប្របាក់យកទឹកដីកម្ពុជា ហើយនៅតែចញ្ចឹមចិត្តទន្រ្ទានយកទឹកដីកម្ពុជានៅតំបន់នោះបន្តទៀត។
បើក្រឡេកមើលទិដ្ឋភាពនយោបាយរបស់ថៃ គេសង្កេតឃើញថា ថៃជារឿយៗតែងជួបវិបត្តិនយោបាយក្នុងប្រទេសរបស់ខ្លួន ហើយបញ្ហាមិនចុះសម្រុងគ្នានេះហើយដែលធ្វើឱ្យមានការខ្វែងគំនិតគ្នា និងកង្វះនូវបន្ទាប់នយោបាយជាក់លាក់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដែលធ្វើឱ្យកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហានេះនៅ ICJ ដោយចាំបាច់ និងដោយឈប់យោគយល់។
លោក ព្រាប កុល បានបន្ថែមថា ច្បាស់ណាស់ថា ថៃនឹងរងនៅភាពអាមាសនៅលើឆាកអន្តជាតិជាថ្មីម្តងទៀតដូចកាលនៅឆ្នាំ១៩៦២ នេះក៏ដោយសារមហិច្ចតាលោភលន់ ប៉ុនប៉នទន្រ្ទាន ឈ្លានពាន ទឹកដីកម្ពុជា ដែលបុព្វបុរសខ្មែរបានពលីជីវិតក្នុងបុព្វហេតុថែរក្សា និងការពារឱ្យនៅគង់វង្សពីការរំលោភបំពាននាពេលអតីតកាល។
នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាង ម៉ឺង ម៉ាត់ ថា «កម្ពុជាមិនចង់បានទឹកដីនៃប្រទេសជិតខាងណាមួយទេ ប៉ុន្តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសជិតខាងណារំលោភយកទឹកដីខ្មែរ ដែលនៅសេសសល់មកដល់បច្ចុប្បន្ននេះឡើយ»៕