(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រាប់ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំ សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើកការជជែកគ្នាតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៧យប់ទៅហើយមិនទាន់បញ្ចប់នៅឡើយទេ គឺអាចនឹងបន្តរហូតដល់រង្វង់ម៉ោង១១ ឬ១២យប់។
នៅថ្ងៃនេះ រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូង ដើម្បីជជែកលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។
ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦យប់ (ដល់ពេលសម្រាកពិសាបាយ២ម៉ោង) បញ្ចប់បានរបៀបវារៈទី១ គឺប្រព័ន្ធគាំពារសង្គម។ ចប់របៀបវារៈទី១ ម៉ោង៦យប់ទៅហើយ តែសម្តេចតេជោ ក្នុងឋានៈជាប្រធានសមាជមិនបានប្រកាសសម្រាកសមាជនោះឡើយ។ សម្តេចតេជោ បានប្រកាសបន្តចូលទៅរបៀបវារៈទី២។
សម្តេចតេជោ បានប្រកាសថា សមាជថ្ងៃទី១នេះ ត្រូវតែបញ្ចប់របៀបវារៈទី២ ទោះបីត្រូវប្រើពេលវេលាច្រើនប៉ុណ្ណាក៏ដោយ ដើម្បីថ្ងៃស្អែកឈានទៅជជែកលើរបៀបវារៈទី៣ ហើយឈានទៅបញ្ចប់សមាជតាមការគ្រោងទុក។ បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ។
មានប្រសាសន៍លេងសើចបន្លំមែនផងនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការប្រើពេលវេលាច្រើនម៉ោងក្នុងសមាជនេះ ក៏ជាការសាកល្បងកម្លាំងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល៕