(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បាគូសរំលឹកកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ អង្គការ CHAI (Clinton Health Access Initiative) ដែលប្រៀបបានដូចការចងក្រម៉ា ជាការចងចាំអនុស្សវរីយ៍ និងបន្តរក្សាចំណងមិត្តភាពនេះបន្តទៀត។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីគម្រប់ ខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងពិធីជូនដំណើរ លោកស្រី Soleine Scotney ដែលបានបញ្ចប់បេសកកម្ម ជានាយិការបស់អង្គការ CHAI ប្រចាំនៅកម្ពុជាអស់រយៈពេល៥ ឆ្នាំ។
ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា អង្គភាពក្រោមឱវាទក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។
សាស្រ្តាចារ្យរដ្ឋមន្រ្តីបានឲ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីរំលឹកខួប ២០ឆ្នាំ នៃភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ CHAI។ ក្នុងរយៈពេល២ ទស្សវត្យកន្លងមក CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងអង្គការ CHAI នេះ បានរីកចម្រើនល្អប្រសើរ និងបានចាប់ដៃគ្នា បេ្តជ្ញាចិត្តរួមគ្នាក្នុងប្រតិបត្តិការសំខាន់ៗ រួមមាន ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខភាពបន្តពូជ និងមាតា យុទ្ធនាការចាក់ថ្នាំបង្ការ ប្រព័ន្ធអុកស៊ីហ្សែន ពង្រឹងសេវាមន្ទីរពិសោធន៍ ការការពារជំងឺមិនឆ្លង និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថល។
ក្នុងឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសសើរចំពោះអង្គការ CHAI និងលោកស្រី Soleine Scotney ដែលបានលះបង់ពេលវេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួងសុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើនផងដែរ។
លោកសាស្រ្តាចារ្យ បានរំលឹកបន្ថែមផងដែរអំពីការយកចិត្តទុកដាក់ និងការលះបង់របស់ CHAI ដែលតែងតែនៅឈរជាមួយកម្ពុជា និងឆ្លងកាត់ឧបសគ្គជាមួយគ្នានាពេលកន្លងមក ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
នាពិធីនោះលោកសាស្រ្តាចារ្យ បានទទួលលិខិតថ្លែងអំណរគុណពី លោក Bill Clinton ជាអតីតប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិក និងជាប្រធាននៃ Clinton Global Initiative (CGI) តាមរយៈ លោក Joshua Chu នាយកប្រតិបត្តិការអង្គការ CHAI។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ដល់ លោកស្រី Soleine Scotney និងសហការី ២រូប នៃអង្គការ CHAI ដើម្បីជាការថ្លៃងអំណរគុណ សម្រាប់ការដឹកនាំដ៏ល្អ របស់លោកស្រី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការជាមួយក្រសួងសុខាភិបាល និងចូលរួមចំណែកក្នុងបេសកកម្មលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា៕