(តាកែវ)៖ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមនិងអាជ្ញាធស្រុកត្រាំកក់ អាជ្ញាធរឃុំលាយបូរ និងឃុំឧត្តមសុរិយា ព្រមទាំងមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យការងារជុសជុលផ្លូវថែទាំ ០១ខ្សែ មានប្រវែងជាង៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំលាយបូរ និងឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក លីវ សំណាង បានលើកឡើងថា ផ្លូវប្រវែងជាង៧គីឡូម៉ែត្រនេះ មានទទឹង ៤ម៉ែត្រ ក្រាលក្រួសស ឆ្លងកាត់ឃុំចំនួន២និង ៥ ភូមិចាប់ពីផ្លូវជាតិលេខ២២ ភូមិទួលត្បែង ឃុំលាយបូរ រហូតទៅដល់ ភូមិស្រង៉ែ ឃុំឧត្តមសូរិយា ដែលជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរងការខូចខាត និងត្រូវដល់ពេលដែលត្រូវជួសជុលឡើងវិញ ដើម្បីងាយស្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកប្រធានមន្ទីរ បានលើកឡើងពីកិច្ចខឹតខំប្រឹងប្រែងរបស់មន្ទីរ សហការជាមួយអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការជួសជុលថែទាំផ្លូវនៅតាមទីជនបទ ដែលរងការខូចខាតឲ្យមានសភាពល្អឡើងវិញ ហើយរាល់ការលើកឡើង ឬសំណូមពរពីបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ និងផ្លូវតាមមូលដ្ឋាន មន្រ្តីយើង និងអាជ្ញាធគ្រប់លំដាប់ថ្នាក់តែងតែ ចុះទៅពិនិត្យ និងដោះស្រាយជាប់ជានិច្ច៕