(ភ្នំពេញ)៖ លោក ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានស្នើឱ្យមានការរៀបចំការបូមទឹកយកពីទន្លេមេគង្គ ដើម្បីទៅស្រោចស្រពលើដីកសិកម្ម​របស់ប្រជាពលរដ្ឋ និងជួយឱ្យពលរដ្ឋធ្វើកសិកម្មឱ្យបានច្រើនដងក្នុងមួយឆ្នាំ ជាជាងទុកដីឱ្យនៅទំនេរចោលក្នុងរដូវប្រាំង ខណៈកម្ពុជាមានការសាងសង់ទំនប់ និងប្រព័ន្ធ​ធារាសាស្ត្រច្រើនណាស់។

លោក ណៅ ធួក បានបញ្ជាក់ដូចនេះនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានឡើងបញ្ចេញមតិនៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ជជែកអំពី​ប្រព័ន្ធកសិកម្ម ដែលសមាជនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​សមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា។

លោក ណៅ ធួក បានថ្លែងដូច្នេះថា «តាមលទ្ធផលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង ហើយមានវាគ្មិនខាងដើមបានលើកឡើងមកមានការសាងសង់ទំនប់ច្រើនណាស់ មានទំនប់​ធារាសាស្ត្រ ទំនប់ប្រឡាយអីច្រើនណាស់ ប៉ុន្តែខ្ញុំបាទសុំចាប់អារម្មណ៍មួយថា យើងដូចជាមិនទាន់សូវបានបូមទឹកយកពីទន្លេមេគង្គយកមកប្រើនោះទេ ចំណែក ថៃ ឡាវ អីគេមានស្ថានីយ៍បូមទឹក​ពីទន្លេមេគង្គច្រើនណាស់»។

លោក ណៅ ធួក ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធពិចារណាក្នុងការបូមទឹកពីទន្លេមេគង្គដើម្បីប្រើប្រាស់លើដីកសិកម្ម ដោយហេតុថា ដីរបស់ប្រជាកសិករ នៅខែប្រាំងបានទុកចោលច្រើនណាស់ ហើយបើសិនមានទឹក​នឹងអាចធ្វើស្រែបានច្រើនដង និងធ្វើឱ្យផលិតភាពខាងវិស័យកសិកកម្មបានកើនឡើងផងដែរ។

ជាមួយគ្នានោះ លោក ណៅ ធួក ក៏បានជំរុញឱ្យមានការបង្កើនផលិតផលបង្កងនៅក្នុងធម្មជាតិ ដោយនៅក្នុងទិវាមច្ឆជាតិសូមបង្កើនការលែងបង្កងឱ្យបានច្រើនកាន់តែល្អ ដោយសារប្រទេសកម្ពុជា មានផ្ទៃដីលិចទឹក​ប្រមាណ ៣លានហិចតា ហើយបើបានលែងកូនបង្កងឱ្យមានក្នុងមួយហិចតា អាចបង្កើតបង្កងបានតែ ២គីឡូក្រាម នោះនឹងអាចបានបង្កងចំនួន ៦ពាន់តោន ដែលមានតម្លៃដល់ទៅ ១៨០លានដុល្លារផងដែរ។

បើតាមលោក ណៅ ធួក លោកធ្លាប់បានធ្វើការងារលើបង្កងនេះ និងបានចេះភ្ញាស់បង្កងតាំងពីឆ្នាំ២០០៤ ហើយបានចាប់ផ្តើមលែងបង្កងចូលទៅក្នុងដីលិចទឹកតាំងពីឆ្នាំ២០១០ នៅខេត្តកំពង់ឆ្នាំង, តាមរយៈសិក្សា​ស្រាវជ្រាវ​​ឃើញថា ការលែងបង្កងនេះទទួលបានផលចំណេញដល់ទៅ១៩ដងឯណោះ ហើយតាមរយៈការសិក្សានេះគឺបានទទួលផលល្អនៅឆ្នាំបន្តបន្ទាប់ផងដែរ៕