(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកសវនាការសួរដេញដោលក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន៣នាក់ ដែលត្រូវកម្លាំងនគរបាលបង្ក្រាបបានពាក់ព័ន្ធករណីបាញ់ប្រហារ និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ នៅខណ្ឌដង្កោ កាលពីអំឡុងខែសីហា ឆ្នាំ២០២៤កន្លងទៅ ដែលបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់។

សវនាការនេះមានលោក ស សំណាង ជាប្រធានក្រុមប្រឹក្សា, លោក តុប ឈុនសុង លោក ហុក ពៅ ជាចៅក្រមប្រឹក្សា និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការ។ ដោយឡែក ឧក្រិដ្ឋជនជនជាតិចិនទាំង៣នាក់ រួមមាន ឈ្មោះ MA LUNAN, ឈ្មោះ SHI WAI HUA និងឈ្មោះ ZHAO WENXIANG ដែលត្រូវបានចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន, ករណីឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជម្រិតទារប្រាក់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ឧក្រិដ្ឋជនទាំង៣នាក់ អមដោយមេធាវីការពារក្ដីចំនួន៣រូប បានឆ្លើយដោះសារលើបទចោទប្រកាន់ខាងលើ នៅចំពោះមុខអង្គចៅក្រមប្រឹក្សា និងតំណាងអយ្យការ ដើម្បីឲ្យពួកគេបានរួចផុតពីទោសទណ្ឌ ដែលក្រុមខ្លួនបានប្រព្រឹត្តកន្លងមក។

ទោះយ៉ាងក៏ដោយ សវនាការមិនត្រូវបានបញ្ចប់ត្រឹមនេះទេ ហើយតំណាងអយ្យការ លោក សុក កែវបណ្ឌិត បានស្នើទៅអង្គសវនាការសូមឲ្យកោះហៅភាគីដែលពាក់ព័ន្ធ មានដើមបណ្តឹងរដ្ឋប្បវេណី មានភាគីសហព័ទ្ធ មានប្រពន្ធកូន ជនរងគ្រោះជាដើម ជាពិសេសបន្ថែមការកោះហៅសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានចូលរួមបង្ក្រាបករណីនេះមកបំភ្លឺបន្ថែមទៀត ក្នុងសំណុំរឿងខាងលើ នាពេលសវនាការលើក្រោយ។ ក្រោយបញ្ចប់ការសួរដេញដោល ចៅក្រមប្រធានក្រុមប្រឹក្សា លោក ស សំណាង សម្រេចយករឿងនេះ ទៅបើកសវនាការពេលក្រោយបន្តទៀត។

សូមរំលឹកថា ឧក្រិដ្ឋជនជនជាតិចិន២នាក់ និងក្រោយមកទៀតស្រាវជ្រាវចាប់បានម្នាក់ទៀត ដែលពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយស្រាវជ្រាវស្វែងរកចាប់ខ្លួនបាននៅខេត្តព្រះវិហារ។

ខ្មាន់កាំភ្លើងទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រំលងបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា។ ហេតុការណ៍នេះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។

ផ្ដើមហេតុការណ៍នេះ គឺករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។ មុនឈានដល់ហេតុការណ៍បាញ់ប្រហារនេះ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168។

បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford ហើយបើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះ ដោយប្រើប្រាស់កាំភ្លើងវែង (សង្ស័យ AK)។ បើតាមសេចក្ដីរាយការណ៍, នៅក្នុងរថយន្ដរបស់ជនរងគ្រោះ មានមនុស្សជិះចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ខណៈអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ៕