(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំក្រុមការងារត្រៀមចរចាជុំទី២ លើពន្ធបដិការរវាងម្ពុជា និងសហរដ្ឋអាម៉េរិក នៅឯសហរដ្ឋអាម៉េរិក។
សម្តេចបវរធិបតីថ្លែងបែបឱ្យដឹងបែបនេះ ធ្វើក្នុងឱកាសសម្តេចឆ្លើយបំភ្លឺជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ពាក់ព័ន្ធនឹងប្រធានបទកសិកម្ម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតីបានលើកឡើងថា នៅរយៈពេលចុងក្រោយនេះ កម្ពុជាបានជួបនូវវិញ្ញាសាប្លែកៗ ដែលត្រូវដោះស្រាយ ហើយការប្រកាសដំឡើងពន្ធ របស់សហរដ្ឋអាមេរិក ដល់បណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជា ក៏ជាវិញ្ញាសាដែលរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ត្រូវប្រឈមដោះស្រាយផងដែរ ដើម្បីធានានូវការអភិវឌ្ឍប្រទេស។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman បានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងកិច្ចប្រជុំចរចាជុំទី១ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាស យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
គួរម្លឹកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត៩៧%។ ជុំវិញការចរចានេះ នាពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក និងអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ៕