(អ៊ីស្តង់ប៊ុល)៖ ក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានរលាយបាត់ទៅវិញយ៉ាងឆាប់រហ័សកាលពីថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹង ទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីថ្មីៗដ៏ធំ និងកំណត់ទំហំកងទ័ព ដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមអនុស្សរណៈដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទទួលបាន ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅសង្គ្រាម ដែលមិនមានការសម្របសម្រួលរបស់ខ្លួន។ ភាគីអ៊ុយក្រែន ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានច្រានចោលលក្ខខណ្ឌទាំងនេះជាថ្មី ដោយចាត់ទុកថាវាស្មើនឹងការចុះចាញ់។ ទោះបីជាមានការយល់ព្រមលើការដោះដូរអ្នកទោសបន្ថែម និងការប្រគល់សាកសពទាហានក៏ដោយ ក៏មិនមានការព្រមព្រៀងណាមួយលើបទឈប់បាញ់ ឬដំណោះស្រាយនយោបាយឡើយ នៅក្នុងជំនួបដែលគេរាយការណ៍ថា មានរយៈពេលត្រឹមតែប្រហែលមួយម៉ោងនេះ។
ការជាប់គាំងនេះ កើតឡើងក្រោមសម្ពាធរបស់រដ្ឋបាលលោក ត្រាំ ដែលបានគំរាមបញ្ឈប់ការសម្រុះសម្រួល។ លោក Umerov បានស្នើឲ្យមានកិច្ចចរចាបន្ថែមទៀត ប៉ុន្តែបានអះអាងថា មានតែជំនួបរវាងលោក Zelenskyy និងលោក ពូទីន ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន ខណៈលោក Zelenskyy ក៏បានរិះគន់រុស្ស៊ីពីភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់។
គួរបញ្ជាក់ថា លក្ខខណ្ឌដ៏តឹងតែងរបស់រុស្ស៊ី ដែលទាមទារឲ្យអ៊ុយក្រែនលះបង់អធិបតេយ្យភាព និងបូរណភាពទឹកដី បានបង្ហាញយ៉ាងច្បាស់ថា ផ្លូវឆ្ពោះទៅកាន់សន្តិភាពពិតប្រាកដនៅតែឆ្ងាយ និងពោរពេញដោយឧបសគ្គ បើទោះបីជាមានកិច្ចប្រឹងប្រែងការទូតជាបន្តបន្ទាប់ក៏ដោយ៕