(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវស៊ើបអង្កេតប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម គៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសមាជិកក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ នៅចំណុចភូមិអណ្តូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង បានបញ្ជាក់ថា សង្ស័យឈ្មោះ គឹម គៀង ត្រូវបានបន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម៕