(ភ្នំពេញ)៖ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់លោកព្រឹទ្ធាចារ្យ នៅយប់ថ្ងៃទី ៣ ខែមិថុនានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងមានការសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥នេះ វេលាម៉ោង ១:៤០នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបនៅក្នុងវិស័យកីឡាគុនល្បុក្កតោកម្ពុជា ដែលក្នុងមួយជីវិតរបស់លោកព្រឹទ្ធាចារ្យ បានខិតខំ លះបង់ និងចំណាយពេលវេលាយ៉ាងច្រើន ដើម្បីចងក្រងក្បាច់គុនល្បុក្កតោកម្ពុជាទុកជាក្បួនគម្ពីសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ ជាពិសេសធ្វើឱ្យគុនល្បុក្កតោកម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕