(ភ្នំពេញ)៖ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ។
ជំនួបពិភាក្សានេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកអនុរដ្ឋលេខាធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ អគ្គនាយករងនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងមន្ត្រីពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជានាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងនិងបង្កើនចំណងមិត្តភាព ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការឆ្ពោះទៅរកការកំណត់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូទៅសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ភាគីលុចសំបួរ នឹងអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ និងនៅខេត្តរតនគិរី នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់បន្ថែមពីមុខជំនាញកសិកម្ម ទេសចរណ៍ជាដើម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំងពីរនេះ។
ភាគីទាំងពីរ កម្ពុជា-លុចសំបួ បានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈ ឬកិច្ចព្រមព្រៀងណាមួយនាពេលអនាគត សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕