(ភ្នំពេញ)៖ វៀតណាម នឹងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរជាតិរបស់ខ្លួន តបតាមសំណើរបស់សម្តេចងតេជោ ហ៊ុន សែន។ សម្តេចតេជោ បានសម្តែងក្តីរីករាយចំពោះការសាងសង់នេះ ហើយជាការបង្ហាញឱ្យឃើញពីការដឹងគុណគ្នាទៅវិញទៅមក។
នៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជម្រាបសម្តេចតេជោ ពីគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរក្នុងប្រទេសវៀតណាម។ លោកបន្តថា គំនិតនៃការសាងសង់នេះ គឺចង់បង្ហាញសាធារណៈមតិជាតិ និងអន្តរជាតិ ឱ្យបានយល់កាន់តែស៊ីជម្រៅពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា និងវៀតណាម នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរ ដែលបានរួមគ្នាប្រឆាំងតវ៉ានឹងរបបអាណានិគមកាលពីអតីតកាល។
សម្តេចតេជោ បានបញ្ជាក់ថា ស្តូបនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេច ដែលបានស្នើតាំងពីឆ្នាំ២០២០ មុនពេលមានការរីករាតត្បាតជំងឺកូវីដ១៩មកម្ល៉េះ ធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម គឺជាឆ្លុះបង្ហាញពីការដឹងគុណគ្នាទៅវិញទៅមក។ មានន័យថា កម្ពុជា ក៏បានជួយវៀតណាម ហើយវៀតណាម ក៏បានជួយកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីររបស់វៀតណាម៕