(ភ្នំពេញ)៖ លោក មែ ស៉ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកសារលែកទុក្ខ និងថវិការបស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ។

តាមរយៈសាររំលែកទុក្ខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាស្វាមីរបស់លោកស្រី អ៊ុក ពង្សបុប្ផា លោកបានទទួលមរណភាពនៅ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤០នាទី ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកសី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយជាពិសេស គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សដ៏ឆ្នើមមួយរូបដែលពោរពេញដោយទេពកោសល្យជ្រៅជ្រះក្នុងវិស័យកីឡាគុនល្បុក្កតោខ្មែរល្បីល្បាញរន្ទឺលើពិភពលោក ជាក់ស្ដែង ការដាក់បញ្ចូលកីឡាគុនល្បុក្កតោខ្មែរជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំឲ្យកម្ពុជាទទួលបានកំណើនមេដាយបន្ថែមទៀត។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕