(កណ្តាល)៖ រដ្ឋបាលស្រុកលើកដែក បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ថា មេឃុំម្នាក់ប្រើប្រាស់អំណាចសង់ផ្ទះលំហែរំលោភលើច្រាំងទន្លេ និងចាត់ទុកការផ្សាយនេះ មានចេតនាមូលបង្កាច់កិត្តិយសអ្នកដទៃ។

យ៉ាងណាមិញ ក្រោយឃើញការផ្សព្វផ្សាយ រដ្ឋបាលស្រុកបានចាត់តាំង ក្រុមការងារជំនាញថ្នាក់ស្រុក ចុះសហការជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផ្ទាល់ជាក់ស្តែង ក្នុងនោះក្រុមការងារបានសង្កេតឃើញ ថាទីតាំងដីនេះពិតជាមានក្រុមជាងកំពុងធ្វើសកម្មភាពលាយបេតុងចាក់ក្រវ៉ាត់ផ្ទឹមរបងតាមព្រំដី ដើម្បីការពារមិនឲ្យហូរច្រោះ ដែលមានទំហំទទឹងក្បាលដី ២៣,៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ ឈ្មោះ ងួន លីដា ខាងត្បូងទល់ឈ្មោះ ម៉ាប់ រដ្ឋា ខាងកើតទល់ទន្លេ ខាងលិចទល់ផ្លូវជាតិលេខ១៤ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ពិតមែន។

ប៉ុន្តែសម្រាប់រូបភាពដែលគេហទំព័រនេះបានយកមកចុះផ្សាយ ភ្ជាប់ជាមួយនឹងខ្លឹមសាររបស់ខ្លួន គឺជារូបភាពទីតាំងដីរបស់ប្រជាពលរដ្ឋឈ្មោះ កែ ម៉ូលី និងឈ្មោះ ឈន សោភ័ណ្ឌ កំពុងធ្វើរបងការពារដីកុំឲ្យហូរច្រោះទៅអ្នកជាប់ព្រំ និងការពារកុំឲ្យបាក់ច្រាំងទន្លេ ចំពោះខ្លឹមសារ នៃការចុះផ្សាយខាងលើថាជាសំណង់របស់លោកមេឃុំសង់ផ្ទះ សម្រាប់ស្នាក់នៅលំហែពេលទំនេរពី ការងារនោះមិនពិតនោះឡើយ។ ចំពោះការដ្ឋានសំណង់ខាងលើនេះ អាជ្ញាធរមិនមានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់អ្វីឡើយ ដោយមូលហេតុទីតាំងដីជាក់ស្តែងពាក់ព័ន្ធ ទៅនឹងចំណីផ្លូវ-ទន្លេ។

ទីតាំងភូមិសាស្ត្រក្នុងស្រុកលើកដែក ស្ទើរតែ៧០ភាគរយ នៃប្រជាពលរដ្ឋ កំពុងរស់នៅតាមបណ្តោយផ្លូវជាតិលេខ១៤ ជួរខាងជាប់ទន្លេមេគង្គរាប់ឆ្នាំមកហើយសុទ្ធសឹងជាប្រភេទដីអាស្រ័យផល និងពាក់ព័ន្ធនឹងចំណីផ្លូវ-ទន្លេ ជាពិសេសរងនូវហានិភ័យ នៃការបាក់ច្រាំងទន្លេនារដូវទឹកដំឡើង ដូច្នេះហើយទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ សម្រាប់ប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏រៀបធ្វើជាផ្ទឹមរបងដើម្បីការពារការហូរច្រោះដីប៉ុណ្ណោះ ពុំមានចេតនារំលោភបំពានដីចំណីទន្លេនោះទេ, ទន្ទឹមនោះផងដែរ ក្រសួង-មន្ទីរពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ជានិច្ចកាលតែងណែនាំលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យធ្វើការដាក់ពាក្យស្នើសុំសាងសង់ ការទប់ច្រាំងទន្លេ និងអាស្រ័យផលផងដែរ៕