(ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាព្រះរាជូបត្ថម្ភដល់កងទ័ពកម្ពុជា ដែលឈរជើងនៅតាមបណ្តោយព្រំដែន។

នៅក្នុងសារលិខិតរវបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចនេះថា៖ ទូលព្រះបង្គំជាខ្ញុំ​មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលព្រះរាជទានព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់ បំផុតអំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំនួន ១០.០០០ ដុល្លារអាមេរិក ដែលជាព្រះរាជទានដ៏ឧត្តុង្គឧត្តម សម្រាប់ជាព្រះរាជូបត្ថម្ភដល់កងទ័ពកម្ពុជាដែលឈរជើង នៅតាមបណ្តោយព្រំដែន។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ ប្រោសព្រះរាជូបត្ថម្ភដល់រាជរដ្ឋាភិបាល តាំងពីដើមរៀងមក។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បី គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ៕