(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុ​ប្រធាន​កិត្តិយសទី១ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានផ្តល់ការ​គិត​គូរថ្មី​មួយចំនួន ដើម្បីបញ្ជ្រាបតួនាទីស្ត្រីឱ្យបានកាន់តែច្រើននៅរដ្ឋបា​ល​ក្រោមជាតិ និងអំណាចផ្នែកសេដ្ឋកិច្ច។

នៅព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីស្ត្រី ដឹកនាំដោយលោកស្រីបណ្ឌិត អុឹង កន្ថាផាវី ចូលជួបសម្តែងការ​គួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេច​តេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីស្ត្រី ស្នើទៅនាយករដ្ឋមន្ត្រី កំណត់កូតាអភិបាលរងក្រុង ស្រុក ខណ្ឌ ក៏ដូចជា​អភិបាល​រងរាជធានី-ខេត្ត យ៉ាងតិចបំផុតចំនួន២រូប ដែលបច្ចុប្បន្នមានត្រឹម១រូប។

បន្ថែមពីលើនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យ​ក្រុម​ប្រឹក្សា​​​ជាតិ​កម្ពុជាដើម្បីស្ត្រី ស្នើសុំយោបល់ពីសម្តេចនាយករដ្ឋមន្ត្រី ជា​ពិ​សេស​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឱ្យ​ផ្តល់កូតាដល់ស្ត្រីយ៉ាងតិច​បំផុត៥០ភាគរយ នៅពេលមានការ​ជ្រើស​រើស​មន្ត្រីរាជការ។ សម្រាប់សម្តេចតេជោ ការកំណត់បែបនេះក្នុង​គោលដៅ​ផ្តល់​ឱកាសដល់ស្ត្រី បានចូលរួមចំណែកក្នុងការបម្រើរាជរដ្ឋាភិបាល និងជាម​ន្ត្រី​រាជការមានចំនួនកាន់តែច្រើនឡើង។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការគិតគូរលើក​កម្ពស់អនុត្តរភាពរបស់ស្ត្រីក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។ សម្តេចតេជោ បាន​បង្ហាញប៉ានស្មានថា យ៉ាងយូរបំផុត ២០ឆ្នាំ ទៅ៣០ឆ្នាំខាង ឥទ្ធិពល​របស់​ស្ត្រីក្នុងផ្នែកសេដ្ឋកិច្ច នឹងកាន់តែខ្លាំងឡើង ដែលជាចំណែកដ៏ខ្លាំងក្នុងការ​ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាគ្រួសារ។

តាំងពីពេលនៅជានាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន តែងផ្តល់​ការ​គិតគូរខ្ពស់បំផុតចំពោះស្ត្រី ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព និង​តួនាទីរបស់ស្ត្រីនៅក្នុងសង្គម។

ការគិតគូររបស់សម្តេចតេជោខាងលើនេះ ជាការចូលរួមចំណែក​យ៉ាង​ធំធេង ដើម្បីជួយដល់ស្ត្រីនៅកម្ពុជា។ ការគិតគូរនេះ ក៏ទទួលបានបាន​ការគាំទ្រយ៉ាងខ្លាំងក្លា និងអរគុណក្រៃលែងពីសំណាក់ប្រតិភូក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្ត្រី។

ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានបង្ហើបគម្រោងជួបជាមួយ​ប្រតិភូសហ​គ្រិន​ជាស្ត្រីទ្រង់ទ្រាយធំ ដើម្បីផ្តល់ការគិតគូរ និងអនុសាសន៍ជំរុញស្ត្រីឱ្យ​ចូលរួមកាន់តែសំខាន់ក្នុងតួនាទីសេដ្ឋកិច្ចជាតិ៕