(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្តល់គោលការណ៍ណែនាំចំនួន៤ចំណុច ដល់មន្ត្រីដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ និងប្រគេនជូនព្រះសង្ឃ។ លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥  របស់ក្រសួងមហាផ្ទៃ នៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការនិមន្ត និងអញ្ចើញចូលរួម ពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ ព្រះសង្ឃចំនួន ២០៧អង្គ ក្នុងក្រុងស្ទឹងសែន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក និងមន្រ្តីរាជជុំវិញខេត្តផងដែរ។

អភិបាលខេត្តកំពង់ធំ បានគូសរំលេចថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមានព្រះសង្ឃផង។ ហើយកាលពីមុនមិនអនុញ្ញាតឲ្យធ្វើនោះទេ និងសូមឲ្យមន្ត្រីធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមនីតិវិធីជំនាញ និងជួយសម្របសម្រួលការងារធ្វើអត្តសញ្ញាណប័ណ្ណនេះមានប្រសិទ្ធភាព។

លោកបានផ្តល់គោលការណ៍ណែនាំដល់មន្ត្រីអនុវត្តន៍ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ និងប្រគេនដល់ព្រះសង្ឃ រួមមាន៖

*ទី១៖ ការបំពេញនូវឯកសារស្នើសុំអត្តសញ្ញាណ ត្រូវធ្វើការប្រមូលឯកឲ្យបានគ្រប់គ្រាន់ និងបំពេញសលាកបត្រអោយបានត្រឹមត្រូវ។
*ទី២៖ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រូវតែផ្ទៀងផ្ទាត់ថាតើបុគ្គលនោះជាជនជាតិខ្មែរ ឬក៏បរទេស។
*ទី៣៖ ការផ្តល់អត្តសញ្ញាណប័ណ្ណដែលហួសុពលភាព ត្រូវតែពិនិត្យ និងផ្ទៀតផ្ទាត់អោយបានច្បាស់លាស់ទៅនឹងឯកសារដើម។
*ទី៤៖ ចៀសវាងការផ្តល់ឯកសារមិនប្រក្រតី យើងត្រូវតែប្រមូលនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងឯកសារគតិយុទ្ធផ្សេងៗ ដែលមានតម្លៃស្មើយកមកធ្វើការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវទើបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់។

លោក នួន ផារ័ត្ន អំពាវនាវបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅដែលត្រូវធ្វើសញ្ញាណប័ណ្ណទាំងអស់។ ទាំងអ្នកធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូង និងអ្នកធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាព។ សូមអញ្ចើញ និងនិមន្ត ទៅធ្វើនៅទីកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ អធិការក្រុង/ស្រុក និងស្នងការនគបាលខេត្ត ហើយការធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះគឺមិនគិតតម្លៃសេវានោះទេ៕