(កំពង់ស្ពឺ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថត ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងអំពីរបាយការណ៍សង្ខេបថា ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះគំរូវីរៈភាព ដឹកនាំប្រកបដោយទឹកចិត្តសប្បុរសរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងដំបូន្មានដ៏ពិសិដ្ឋ ដល់ថ្នាក់ដឹកនាំខេត្តក្នុងការបន្តអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបង្កើតសមិទ្ធផលនានាដែលនឹងបម្រើដល់តម្រូវការប្រជាជន ជាក់ស្តែងការសម្ភោធដាក់ឲ្យប្រើប្រាស់ក្នុងវត្តនាពេលនេះ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ដោយកោតសសើរប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ មន្ត្រីរាជការ លោកតា លោកយាយ អ៊ំ ពូមីង ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍នាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា តាមរយៈរបាយការណ៍សង្ខេបរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ នៅក្នុងស្រុកគងពិសីនេះ រោងចក្រសហគ្រាសបានកើនឡើងជាបន្តបន្ទាប់ ហើយក៏នឹងទទួលបានការវិនិយោគបន្ថែមទៀត។ ការវិនិយោគទាំងនេះ នឹងនាំឲ្យមានឱកាសការងារជាបន្តបន្ទាប់ ដល់អ្នកកំពង់ស្ពឺ ដែលនឹងជំរុញដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសំណូមពរដល់ពលរដ្ឋខេត្តកំពង់ស្ពឺទាំងអស់ ក៏ដូចជាយុវជនខ្មែរគ្រប់ទិសទី សូមមានការតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបញ្ចេញសារ និងសម្លេងរបស់យើងជាប្រចាំ ដើម្បីជាការចូលរួមផ្តល់នូវកម្លាំងចិត្ត និងភាពកក់ក្តៅទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលឈរនៅជួរមុខតាមព្រំដែន ដើម្បីឲ្យពួកគាត់មានភាពអង់អាចក្លាហានជានិច្ច ក្នុងការបំពេញតួនាទីជាកងកម្លាំងប្រដាប់អាវុធរ មិនថាមុំបីនៅ ប្រាសាទព្រះវិហារ ឬក៏នៅទិសឧត្តរមានជ័យ។ កងទ័ពឈរជើងដោយមានគោលជំហរ មានបេសកកម្ម និងបោះជំហានច្បាស់លាស់ ក៏គាត់ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋខ្មែរ។

សូមជម្រាបថា សមិទ្ធផលវត្តចំប៉ាចារ៍ រួមមាន សាលាបាលី ទទឹង៨ម៉ែត្រ បណ្តោយ១៦ម៉ែត្រ កម្ពស់២ជាន់, ព្រះពុទ្ធបដិមាឲ្យអភ័យសត្វ ១ព្រះអង្គ, សាលាទទួលភ្ញៀវ១ខ្នង, ខ្លោងទ្វារ២, របងវត្តប្រវែង៤០៦ម៉ែត្រ ស្មើនឹង១៥ប្រឡោះ, ផ្លូវបេតុងចំនួន២ខ្សែ, ស្ពានបេតុង១ និងសមិទ្ធផលនានា បានចំណាយអស់ទឹកប្រាក់សរុបចំនួន ៦៩,៣១២,៥០០រៀល និងប្រាក់ដុល្លារ ៣៧១,០៥០ដុល្លារ៕