(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត និងបុគ្គលិកនៅស្ថាប័នវិស័យឯកជននានា រួមទាំងព្រះសង្ឃ សូមនិមន្តអញ្ជើញ និងចូលរួមផ្តល់ក្តីស្រលាញ់តាមរយៈកម្មវិធី ការបរិច្ចាគឈាម ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិត»។
ជាពិសេស ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាបជាមួយក្រុមបាល់ទាត់ក្រុមពិធីករកីឡាកម្ពុជា ដើម្បីអបអរសាទរដល់ការបរិច្ចាគឈាម ដែលរៀបចំកម្មវិធីឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នាពេលខាងមុខ ដោយធ្វើការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់អ្នកត្រូវការឈាមជាចាំបាច់ ដល់ប្រជាជនក្នុងខេត្ត ស្របនឹងទិវាបរិច្ចាគឈាមពិភពលោក ខួបលើកទី២១។
លោក នាក់ ណេរ៉ុន ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិត» និងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរដល់ការបរិច្ចាគឈាម នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត។
លោកបានបន្តថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាម មិនត្រឹមតែមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត ដូចជា៖
- អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមបាន
- កាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា
- កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត
- កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក
- ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់
- ជំរុញការបង្កើតគ្រាប់ឈាមថ្មី, ជាពិសេសយើងមានមោទនភាព បានរួមចំណែកជាមួយសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកដោយសុឆន្ទៈ។
លោកបានបញ្ជាក់ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាបក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។ ដូច្នេះហើយ យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត៕