(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានបន្តបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូន សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

សាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលជំនួយជាច្រើននៅត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីអបអរខួបលើកទី១៦២ ៨ ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ថវិកា និងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដែលសាខាកាកបាទក្រហមខេត្តទទួលបានរួមមាន៖ ថវិកាសរុប៥៨៤,០៣៥ ដុល្លាសហរដ្ឋអាមេរិក, អង្ករ ៣៦តោន, ទឹកសុទ្ធ ៨០០កេស, ប្រហុក ១តោន, ក្រមា ១០០, នំស្រួយ ៣០កេស។

លោក គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដែលបាននាំយកថវិកា និងសម្ភារប្រគល់ជូនសាខាកាកបាទក្រហមខេត្តកណ្តាលនាឱកាសនេះ ព្រមទាំងបានធ្វើការអំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ថវិកាទាំងអស់នេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកបានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងបន្តចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ជាបន្តទៀត។ ក្រុមការងារសាខាទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹងរង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត៕