(ភ្នំពេញ)៖ ប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ត្រូវបានទទួលការស្វាគមន៍ និងបានអញ្ជើញមកដល់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក»

មុននឹងឈានដល់ការប្រារព្ធពិធីជាផ្លូវការ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសជាម្ចាស់ផ្ទះបានអញ្ជើញប្រតិភូកម្ពុជា និងបណ្តាប្រទេសមួយចំនួនចុះទស្សនកិច្ចនៅទីតាំងចំនួន ២កន្លែង រួមមានមជ្ឈមណ្ឌលកែច្នៃសំណល់ឡើងវិញ (Metropolitan Waste Recovery Center) និងមជ្ឈមណ្ឌលកែច្នៃសំណល់ផ្ទះបាយ (Metropolitan Food Waste Resources Facility) ដែលជាយន្តការដ៏សំខាន់ក្នុងការកាត់បន្ថយសំណល់ ជាពិសេសគឺសំណល់ប្លាស្ទិក។

ជម្រាបជូនផងដែរថា ប្រទេសកម្ពុជានឹងប្រារព្ធទិវាបរិស្ថានជាតិ ៥ មិថុនា ដោយអនុលោមតាមទិវាបរិស្ថានពិភពលោកនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕