(ភ្នំពេញ)៖ អង្គសមាជរួមគ្នាមួយ រយៈពេល២ថ្ងៃ ដែលប្រមូលផ្តុំទាំងអង្គនីតិបញ្ញតិ និងអង្គនីតិប្រតិបត្តិ បានបង្ហាញជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវដំណើរនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពនៃនយោបាយឈ្នះឈ្នះ។ Fresh Exclusive មានអត្ថបទវិចារណកថាមួយដូចតទៅនេះ៖
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥, ប្រទេសកម្ពុជាបានឃើញនូវព្រឹត្តិការណ៍នីតិប្បញ្ញត្តិ ដែលសមនឹងទទួលបានមោទនភាពជាតិ និងការទទួលស្គាល់ពីអន្តរជាតិ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃនយោបាយទំនើបរបស់កម្ពុជា ដែលរដ្ឋសភា និងព្រឹទ្ធសភា បានរៀបចំសមាជរួមមួយ ក្រោមអធិបតីភាពរបស់ប្រធានសមាជ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ សមាជដែលរួមការជួបប្រជុំពិភាក្សាគ្នាជាមួយសមាជិករាជរដ្ឋាភិបាល ដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិ បានធ្វើកិច្ចពិភាក្សាយ៉ាងល្អិតល្អន់លើចំណុចសំខាន់ៗ លើវិស័យអភិវឌ្ឍន៍ជាតិ ប្រកបដោយភាពគិតគូរឯកភាព តម្លាភាព និងគោលបំណងយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។
សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យកិច្ចពិភាក្សាក្នុងអង្គសមាជកាន់តែមានលក្ខណៈស៊ីជម្រៅ លើស្នូលប្រធានបទ បានលើកឡើងអំពីបទពិសោធន៍ដែលធ្លាប់កើតមានក្នុងអតីតកាល។ នេះជាអនុសាសន៍មួយផ្នែក ដែលលោកបានលើកឡើងជុំវិញវិស័យកសិកម្ម៖
«ឥឡូវនេះ អត្រានៃការចូលរួមចំណែករបស់វិស័យកសិកម្ម នៅសល់តែ១៦,៧%ទេ នៅក្នុងរបាយការណ៍នេះ។ កាលពីពេលមុន អត្រាចូលរួមចំណែករបស់កសិកម្មមានដល់ជាង៨០% ប៉ុន្តែ៨០% កាលពីពេលនោះ យើងខ្វះអង្ករហូប យើងខ្វះស្រូវហូប ប៉ុន្តែ១៦% នៅពេលនេះជាង១៦% នៅពេលនេះ យើងបែរជាមានស្រូវជិត៧លានតោន ដែលស្មើនឹងអង្ករជាង៤លានតោនសម្រាប់ការនាំចេញ ជាមួយនិងកសិផលដទៃទៀត ដូចជាស្វាយចន្ទី កៅស៊ូ ឬផលិតផលដទៃទៀត ដែលយើងធ្វើការនាំចេញបាន។ ត្រូវចងចាំ កុំឃើញថា អត្រាកសិកម្ម ត្រូវបានគិតជាភាគរយរួញចុះ ប្រៀបធៀបជាមួយនិងផលិតផលសរុប ហើយចាត់ទុកថាប្រទេសនេះចុះខ្សោយ។ ត្រូវមើលប្រទេសដែលជឿនលឿនដូចជាជប៉ុនដូចជាអាមេរិក ឬក៏បារាំង ការចូលរួមក្នុងវិស័យកសិកម្ម មានប៉ុន្មានជា១%តែប៉ុណ្ណឹងទេ។ តែ១%របស់គេ ដូចជាជប៉ុនមាន១% ប៉ុន្តែជប៉ុនចិញ្ចឹមប្រជាជនខ្លួនឯងបានហើយជប៉ុននាំចេញផលិតផលកសិកម្ម ទៅខាងក្រៅប្រទេសទៀត ដូចជាក្រូច យកមកលក់ស្រុកខ្មែរ…ក្រូចមិនតិចទេ ផ្លែបាឡុង ឬរហូតដល់ វិស័យតាំងពីជីជប៉ុន សម្រាប់ញ៉ាំជាមួយត្រីឆៅក៏មានដែរ…តែមួយភាគរយទេ។ ប៉ុន្តែអត្រាលូតលាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវា វាធំ។ យើងក៏ដូចគ្នាដែរ វិស័យសេវា និងវិស័យឧស្សាហកម្មវារីក…អញ្ចឹងវាត្រូវកាត់បន្ថយបំព្រួញវិស័យកសិកម្ម ប៉ុន្តែមិនមានន័យថា រួញអត្រានេះ បែរជាវិស័យកសិកម្មមានការថយចុះនោះទេ»។
លទ្ធផលនៃសមាជរយៈពេល២ថ្ងៃកន្លងមកនេះ បានឆ្លុះបញ្ចាំងពីអ្វីដែលកាន់តែស៊ីជម្រៅនោះគឺភាពចាស់ទុំខាងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកំពុងវិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោមម្លប់សន្តិភាពដ៏យូរអង្វែង។
* សំឡេងចម្រុះ ជួយជម្រុញការអភិវឌ្ឍជាតិ
សមាជនេះមិនត្រឹមតែជាពិធីប៉ុណ្ណោះទេ ប៉ុន្តែជាឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវដំណើរនៃកាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការនាំមកនូវការជួបជុំគ្នា ដោយមានលក្ខណៈចម្រុះពហុបក្ស ពិគ្រោះយោបល់គ្នាដោយបើកចំហរ ចូលរួមមតិយោបល់ផ្តល់អនុសាសន៍ និងស្តាប់នូវការបកស្រាយ ជុំវិញប្រធានបទដែលមានសារសំខាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សំឡេងផ្សេងៗពីគណបក្សកាន់អំណាច, ពីគណបក្សប្រឆាំងដែលមានអាសនៈក្នុងរដ្ឋសភា, ពីរដ្ឋបុរសជាន់ខ្ពស់ និងពីមេដឹកនាំជំនាន់ក្រោយក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងប្រតិបត្តិ បានបញ្ចេញឡើងជាមួយគ្នានៅក្នុងកិច្ចសន្ទនាតាមបែបប្រជាធិបតេយ្យ ដែលផ្តោតលើអ្វីជាផលប្រយោជន៍ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាប្រសាសន៍ថ្លែងនៅក្នុងសមាជដែលទើបនឹងបញ្ចប់ នៅថ្ងៃទី៣មិថុនា បានថ្លែងកត់សម្គាល់ជុំវិញវិស័យកសិកម្មបច្ចុប្បន្ន៖ «ប្រធានបទវិស័យកសិកម្ម ដូចខ្ញុំបានលើក គឺជាប្រធានបទសំខាន់ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋយើង។ តាមការវាយតម្លៃប្រហែល៤២% នៃប្រជាពលរដ្ឋយើងនៅក្នុងវិស័យកសិកម្ម ទោះបីជាធាតុផ្សំរបស់វិស័យកសិកម្ម មានការថយចុះនៅសល់១៦% នៃសេដ្ឋកិច្ច។ ប៉ុន្តែនៅតែធានាសំខាន់ ជាពិសេសដ៏រាបណាមនុស្សនៅហូបអាហារវិស័យកសិកម្មនៅតែជាកត្តាស្នូល។ វិស័យទេសចរណ៍ វិស័យកម្មន្តសាល យើងមិនអាចហូបរបស់ទាំងអស់នោះទេ អញ្ចឹងការធានាសន្តិសុខស្បៀង គឺជាកិច្ចការសំខាន់ដែលជាកិច្ចការអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល បើទោះជាពិភពលោកក្រឡាប់ចាក់ត្រូវបិទចោលនូវការធ្វើពាណិជ្ជកម្មក៏ដោយ។ ប៉ុន្តែធ្វើម៉េច ឱ្យប្រទេសជាតិយើង ប្រជាជនយើង មានអាហារហូបគ្រប់គ្រាន់នេះគឺជាគោលដៅសំខាន់»។
«នេះហើយគឺជាការធានានូវតុល្យភាពរវាងការផលិត និងការលក់ចេញនិងការធានាសន្តិសុខស្បៀងនៅខាងក្នុង។ អញ្ចឹងពាក់ព័ន្ធទៅនឹងគោលដៅសំខាន់របស់យើងចំពោះវិស័យកសិកម្ម បើយើងអំពីកសិកម្មសន្តិសុខស្បៀង ការធានាគ្រប់គ្រាន់មកដល់ម៉ោងនេះ គឺយើងអាចនិយាយដោយមោទនភាព ហើយខ្ញុំសូមអរគុណចំពោះវាគ្មិនជាច្រើនដែលបានលើកឡើងអំពីកំណើននៃអតិផរណា នៃការផលិតរបស់យើងនេះ។ ឆ្នាំ២០២៤ យើងផលិត១៤លានតោន យើងហូបក្នុងស្រុក៦លានតោន ហើយយើងសល់៦ទៅ៨លានតោនសម្រាប់នាំចេញ ក្នុងនោះយើងនាំចេញអង្ករ៦០ម៉ឺនតោន គិតជាស្រូវ១លាន២សែនតោន»។
សមាជរយៈពេលពីរថ្ងៃ បានបង្កប់នូវស្មារតីរដ្ឋធម្មនុញ្ញ ជាមួយការចូលរួមពីមន្ត្រីអនុវត្តកិច្ចការ តាមមូលដ្ឋានជាក់ស្តែង និងកិច្ចពិភាក្សាទៀតសោត បានធ្វើដោយបើកចំហរ, គ្មានការប្រឈមមុខដាក់គ្នា បើទោះបីមានសំណួរបង្ហាញការរិះគន់ ជាមួយនឹងការគោរពគ្នាទៅវិញទៅមកក្នុងប្រយោជន៍តែមួយ គឺដើម្បីប្រជាជន និងការជម្រុញអភិវឌ្ឍន៍ជាតិ។
* តើសមាជរួម២ថ្ងៃមកនេះ មានលទ្ធផលអ្វីខ្លះ?
សមាជរួមរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ទាប់ពីបានពិភាក្សាលើបញ្ហាសំខាន់ៗរបស់ជាតិរយៈពេលជិត២៨ម៉ោង បានសម្រេច នូវលទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់៖
១- ការអនុម័តជាឯកច្ឆ័ន្ទនៃដំណោះស្រាយគោលនយោបាយ៖ សមាជបានផ្តោតលើរបៀបវារៈចម្បងចំនួន៣គឺ កិច្ចគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។ ដំណោះស្រាយគោលនយោបាយទាំងបីនេះ បានទទួលការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកដែលចូលរួមទាំងអស់។ ការអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយគោលនយោបាយទាំង៣ចំណុច គឺកិច្ចគាំពារសង្គម សេដ្ឋកិច្ចក្រៅក្រៅប្រព័ន្ធ និងកសិកម្ម បានគូសបញ្ជាក់ការយល់ស្របគ្នាជា ឯកច្ឆន្ទមួយ នៃសំឡេងចម្រុះរបស់អ្នកចូលរួមពីគ្រប់និន្នាការនយោបាយទាំងអស់។
អ្នកចូលរួម ដែលបានបញ្ចេញមតិក្នុងឱកាសនោះ បានលើកឡើងនូវយោបល់របស់ខ្លួន ក្នុងការយកចិត្តទុកដាក់ដោយផ្ទាល់ចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ ជាពិសេសនៅក្នុងសហគមន៍ជនបទ និងតំបន់ងាយរងគ្រោះ។ ការដែលសំឡេងចម្រុះទាំងអស់បង្ហាញការរួបរួមគ្នា នៅពីក្រោយអាទិភាពធំទាំងបីនេះ គឺជាការឆ្លុះបញ្ចាំងថា តថភាពក្នុងសង្គមមិនមែនជាបញ្ហាដែលគេមិនបានមើលរំលងឡើយ ប៉ុន្តែជាការយកចិត្តទុកដាក់បំផុតដើម្បីការនាំសង្គមជាតិឈានទៅត្រើយសុភមង្គល។ សំឡេងចម្រុះនេះ គឺជាសមិទ្ធផលនយោបាយ និងភាពចាំបាច់នៃសង្គមដែលមិនអាចខ្វះបានឡើយ។ឮ
២-ការទទួលស្គាល់បញ្ហាប្រឈមក្នុងការអនុវត្ត៖ សំឡេងពីបក្សប្រឆាំង ដូចជាព្រឹទ្ធសមាជិក គង់ មុនីកា នៃគណបក្សឆន្ទៈខ្មែរ បានលើកឡើងពីបញ្ហាខ្លះក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម ការផ្តល់ប័ណ្ណសមធម៌ និងការឧបត្ថម្ភធន ដែលមិនទាន់គ្រប់គ្រាន់សម្រាប់មនុស្សចាស់។ សម្តីរិះគន់របស់សមាជិកព្រឹទ្ធសភា គង់ ម៉ូនីកា អំពីភាពមិនប្រក្រតីក្នុងការបែងចែកប័ណ្ណសមធម៌ និងជំនួយមនុស្សចាស់ មិនត្រូវបានគេបដិសេធឡើយ ហើយសំឡេងរិះគន់នេះ នៅបានទទួលស្គាល់ពីសម្តេចតេជោនៃប្រធានសមាជដោយផ្ទាល់ថែមទៀត។ នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ឆន្ទៈក្នុងការទទួលយកការរិះគន់ និងឆ្លើយតបក្នុងន័យស្ថាបនា គឺជាសញ្ញាបង្ហាញនូវភាពខ្លាំងរបស់រដ្ឋាភិបាលមួយ ដែលគោរពដំណើរការលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនខ្លាចនឹងទទួលយកការរិះគន់ណា ដែលពិតជាបានកើតឡើងនៅក្នុងសង្គមរបស់ខ្លួនឡើយ។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់នូវការព្រួយបារម្ភទាំងនេះ ដោយយល់ស្របថា ការអនុវត្តមិនប្រក្រតី បានកើតឡើងខ្លះក្នុងតំបន់មួយចំនួន ជាមួយនឹងការជម្រុញត្រួតពិនិត្យ និងតករីវដោះស្រាយលើបញ្ហាមិនប្រក្រតីទាំងនោះ។
៣- ការចូលរួមជាសាធារណៈ និងតម្លាភាព៖ សមាជនេះ មិនត្រឹមតែបានផ្តល់វេទិកាពិគ្រោះយោបល់ដោយបើកចំហ ទាំងអង្គនីតិបញ្ញតិ និងសមាជិករាជរដ្ឋាភិបាល ដែលតំណាងអង្គនីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្ហាញជាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបញ្ជាក់ថា យើងជាខ្មែរ យើងចេះធ្វើការរួមគ្នា និងចេះដោះស្រាយបញ្ហាជាមួយគ្នា។ សម័យប្រជុំ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ, ឯកជន និងតាមបណ្តាញសង្គម គឺដើម្បីជួយពង្រឹងការយល់ដឹងជាសាធារណៈអំពីការពិភាក្សារបស់រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះតម្លាភាព និងការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ច។
៤- អនុម័តលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសពាក់ព័ន្ធនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជម្លោះព្រំដែនថៃ ដែលបានបណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ សម្តេចបវរធិបតី បានបញ្ជាក់ពីភាពប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តវេទិកានយោបាយនៃរដ្ឋសភាអាណត្តិទី៧ ដើម្បីអភិវឌ្ឍន៍ និងការពារជាតិ។
ដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ បានបង្ហាញថា វាមិនមែនជាដំណើរលើផ្លូវដ៏ស្រួលឡើយ។ កម្ពុជា ឆ្លងកាត់សង្គ្រាមបង្ហូរឈាម, ឆ្លងកាត់របបវាលពិឃាត, ឆ្លងកាត់ភាពឯកោជាអន្តរជាតិតាមរយៈការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាច, កម្ពុជា ឆ្លងកាត់ព្យុះនយោបាយធំៗ និងឧបសគ្គរាប់មិនអស់ទំរាំបានទទួលសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អ្វីដែលបានលាតត្រដាងនៅក្នុងសមាជរួមរវាងស្ថាប័យសភា និងព្រឹទ្ធសភា និងតំណាងស្ថាប័ននីតិប្រតិបត្តិ ក្នុងរយៈពេលពីរថ្ងៃរួចមកនេះ គឺជាសក្ខីភាពមួយបង្ហាញថា ប្រទេសជាតិក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ បានធ្វើដំណើរបានឆ្ងាយចេញពីភាពបែកបាក់ និងគំនរទុក្ខដែលកម្ពុជាធ្លាប់មានពីអតីតកាល និងនយោបាយឈ្នះឈ្នះ គឺជាមាគ៌ានៃដំណោះស្រាយលើបញ្ហាជម្លោះព្រំប្រទល់ដែននាបច្ចុប្បន្ននេះទៀត។
ព្រឹត្តិការណ៍នេះបានបង្ហាញថាប្រជាជនកម្ពុជា-ឆ្លងកាត់ខ្សែនយោបាយ និងជំនាន់ឆ្លងកាត់ ដែលពួកគេអាចអង្គុយជាមួយគ្នា និយាយដោយស្មោះត្រង់ និងរកចំណុចរួមជាមួយគ្នាក្នុង ន័យស្ថាបនាសង្គម និងការអភិវឌ្ឍជាតិ។
សមាជរួមបែបនេះ មិនគួរតែធ្វើឡើងតែម្តងនោះទេ ប៉ុន្តែគួរតែបន្តធ្វើជារឿយៗ ព្រោះវាជាសមាជដ៏មានប្រយោជន៍ខ្លាំងបំផុត ជាពិសេសបើសិនជានៅពេលប្រទេសជួបប្រទះផលវិបាកណាមួយ ដែលកើតឡើងទាំងក្នុងតំបន់ និងអន្តរជាតិ និងដែលអាចមានឥទ្ធិពលអាក្រក់ប៉ះពាល់ដល់ប្រទេសជិតខាង ឬក៏ដល់កម្ពុជា។ សមាជបែបនេះគឺជាឧបករណ៍សំខាន់ និងចាំបាច់ ដើម្បីប្រមូលសំឡេងរួម ស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនាគតសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕