(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តេចនឹងយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងទិវានេះ មានរៀបចំពិព័រណ៍ដាក់ តាំងបង្ហាញពីសមិទ្ធផល និងផលិតផលនានារបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍវិស័យ បរិស្ថាន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។
បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក» ៥ មិថុនា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្តសកម្មភាពការពារបរិស្ថានឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន ជាមួយនឹងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទ ស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោក តាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវា បរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹក ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សព្វថ្ងៃនេះប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផល ប្លាស្ទិក ជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗប៉ុន្តែមាន ប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។
ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែល ហូរចូលទៅក្នុងប្រព័ន្ធ អេកូឡូស៊ីក្នុងទឹកនឹងកើនឡើងជិតបីដងប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែល គួរឱ្យបារម្ភបំផុតនោះគឺប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ មីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរសួត និងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ៕