(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុខសុវត្ថិភាព។

ជាមួយគ្នានេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី ច្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីត្រៀមចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

សូមជម្រាបថា កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ និងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «បរិវិត្តកម្មទេសចរណ៍ និងនិរន្តរភាព» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសមួយ ចំនួនក្នុងតំបន់ និងស្ថាប័នដៃគូសំខាន់ៗមួយចំនួនទៀតផងដែរ។

នាឱកាសសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤នេះ រដ្ឋមន្ត្រី ហួត ហាក់ នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងការចែករំលែកបទពិសោធ និងការអនុវត្តល្អ ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបនិរន្តរភាពនៅកម្ពុជា និងផ្តល់នូវអនុសាសន៍ក្នុងការធ្វើបរិវិត្តកម្មទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់ ក៏ដូចជាពិភពលោក។ អង្គសន្និសីទ នឹងដាក់ចេញនូវទិសដៅ និងអនុសាសន៍ក្នុងការប្រែក្លាយឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់ និងពិភពលោក ទៅជាទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់។

ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ រដ្ឋមន្ត្រី ហួត ហាក់ នឹងជួបប្រជុំទ្វេភាគីជាមួយ ថ្នាក់ដឹកនាំខេត្ត និងផ្នែកឯកជនមួយចំនួននៃប្រទេសកូរ៉េ និងប្រធានស្ថាប័នទេសចរណ៍ នៃប្រទេសមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។

ដោយឡែក ក្រសួងទេសចរណ៍ ក៏ដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ (The 40 Seoul International Travel Fair) ដោយរំពឹងថានឹង មានប្រតិភូចូលរួមមកពីប្រមាណជាង៤០ប្រទេស ស្តង់ពិព័រណ៍ (Booths) ចំនួន ៥០០ អ្នកលក់ (Sellers) ចំនួន ៧៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន ៨០០ក្រុមហ៊ុនផងដែរ៕