(ព្រះវិហារ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមគ្រួសារលោក លី គឹមឆេង នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ប្រគល់ជូនដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នៅក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយផងដែរ។
សូមបញ្ជាក់ដែរថា អំណោយដែលប្រគល់ជូនរួមមាន៖ ទឹកត្រី ៥០យួ មី ៣០កេស សៀង ៣កេស ទឹកសុទ្ធ ១៥០យួ និងថវិកា៤,៣៥០,០០០រៀល ការប្រគល់អំណោយនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ ច័ន្ទ សុខុន ជាមេបញ្ជាការជាអ្នកទទួលផ្ទាល់ផងដែរ៕