(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុធារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះគុណ និងអរគុណសមាជិក សមាជិកាគណៈកម្មាធិការសមាជ ជំនួយការ គណៈកម្មាធិការសមាជ សមាជិក សមាជិកាសមាជទាំងអស់ ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រកបដោយសាមគ្គីភាព មនសិការស្នេហាជាតិ យ៉ាងសកម្មក្នុងការផ្តល់មតិយោបល់ ពិភាក្សាយ៉ាងផុលផុស។
យោងតាមសារលិខិត នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរជាអនេកចំពោះជោគជ័យជាទីមោទនៈ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ដែល បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា តបតាមសំណើរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំណាយពេលវេលាប្រមាណ ២៨ម៉ោង ក្នុងការប្រជុំពិភាក្សា។
ក្នុងនាមជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ខ្ញុំសូមគោរពថ្លែងអំណរព្រះគុណ និងសូម អរគុណ ថ្វាយសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការសមាជ ជំនួយការ គណៈកម្មាធិការសមាជ សមាជិក សមាជិកាសមាជទាំងអស់ ដែលបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រកបដោយសាមគ្គីភាព មនសិការស្នេហាជាតិ យ៉ាងសកម្មក្នុងការផ្តល់មតិយោបល់ ពិភាក្សាយ៉ាងផុលផុស ទៅ លើប្រធានបទទាំង៣ រួមមានប្រធានបទស្តីពី “ប្រព័ន្ធគាំពារសង្គម- ប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រធានបទស្តីពី វិស័យកសិកម្ម- រហូតសម្រេចបាននូវសេចក្តីសម្រេចចំនួន៣ តាមប្រធានបទខាងលើ ដែលជា ឯកសារគតិយុត្តិមានតម្លៃខ្ពស់បំផុត ជាត្រីវិស័យគាំទ្រ លើកទឹកចិត្ត ជំរុញការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
អង្គសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញពី ការយកចិត្តទុកដាក់ខ្ពស់ និងទំនួលខុសត្រូវក្នុងការបំពេញមុខងាររបស់ សភា និងការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិសម្រាប់ជាឧត្តមប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ដើម្បីរក្សាបាននូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ការពង្រឹងនីតិរដ្ឋ និងការជំរុញ ការអភិវឌ្ឍជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ជាពិសេសអង្គសមាជរបស់យើងក៏បានគាំទ្រពេញទំហឹង និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍គាំទ្រ យន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃតាមរយៈការទូត ការចរចា ស្វ័យការពារខ្លួន និងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្តង ជាជាងអង្គុយបក់ផ្សែង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដែលបានរួមសហការគ្នាយ៉ាងសកម្ម និងមាន ការទទួលខុសត្រូវខ្ពស់ ទាំងការរៀបចំខ្លឹមសារ ការរៀបចំកម្មវិធី និងការផ្តល់សេវារដ្ឋបាល និងបច្ចេកទេសនានា ជូនថ្នាក់ដឹកនាំ និងអង្គសមាជទាំងមូល។
ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័ត្រអស់ពីចិត្តជូនគណៈអភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវ ជំរុញឱ្យអង្គសមាជ របស់យើងដំណើរការប្រកបដោយសុខសុវត្ថិភាព។
ខ្ញុំក៏សូមថ្លែងអំណរគុណជូនដល់ស្ថាប័នព័ត៌មានជាតិ អន្តរជាតិ ទាំងរដ្ឋ និងឯកជនទាំងអស់ មានទូរទស្សន៍ វិទ្យុ និងសារព័ត៌មានអនឡាញ ដែលបានចូលរួមយកព័ត៌មាន ផ្សព្វផ្សាយអំពីខ្លឹមសារ និងទិដ្ឋភាព នៃអង្គសមាជរបស់យើងបានទូលំទូលាយ ជូនសាធារណជនបានទស្សនា ទាំងក្នុង និងក្រៅប្រទេស។ ជាងនេះទៅទៀត ខ្ញុំអរគុណចំពោះ បុគ្គលិក អ្នកផ្តល់សេវាគ្រប់ផ្នែក គ្រប់សេវាកម្ម ទាំងអស់ ដែលបានបំពេញការងារមិនខ្លាចនឿយហត់ តាមការចាត់តាំងរបស់អង្គភាព ដែលបានញ៉ាំងឱ្យអង្គពិធី សមាជរបស់យើង បានដំណើរការទៅដោយរលូន។
ជាទីបញ្ចប់ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ លោកជំទាវ ឯកឧត្តម និងថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងក្រុមការងារទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេច ព្រះអង្គម្ចាស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ទទួលនូវ ក្តីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕