(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញ​​ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ ទី១៖ វឌ្ឍនភាពការងារ និងសមិទ្ធផល​សំខាន់ៗដែល គ.ក.ច. សម្រេចបាន និងទី២៖ ផែនការសកម្មភាពរបស់អគ្គលេខា​ធិការ​ដ្ឋានគណៈកម្មាធិការដឹកនាំ​ការកែទម្រង់ច្បាប់ ឆ្នាំ២០២៥-២០២៨។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ទោះបីជាអគ្គលេខាធិការដ្ឋាន គ.ក.ច. ទើបតែចាប់ផ្ដើមដំណើរការក្នុងរយៈពេលតែ ៥ខែ​ប៉ុណ្ណោះ ទាំងក្របខណ្ឌគតិយុត្ត ការរៀបចំស្ថាប័ន ធនធានមនុស្ស កិច្ចសហប្រតិបត្តិការ ការរៀបចំសិក្ខាសាលា និងការងារផ្សព្វផ្សាយកន្លងមក ជាពិសេស​ការ​សម្រេចបាននូវការរៀបចំ «ក្របខ័ណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។

ក្រោយពីកិច្ចពិភាក្សាយ៉ាងផុសផុលរួចមក អង្គប្រជុំបានអនុម័តជាគោលការណ៍លើ​សេចក្ដី​ព្រាងផែនការ​សកម្មភាពរបស់អគ្គលេខា​ធិការ​ដ្ឋានគណៈកម្មាធិការដឹកនាំ​ការកែទម្រង់ច្បាប់ ឆ្នាំ២០២៥-២០២៨ និងបានប្រគល់ភារកិច្ចជូនអគ្គលេខា​ធិការដ្ឋានកែសម្រួលតាមស្មារតីអង្គប្រជុំ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនេះ ដើម្បីឱ្យ គ.ក.ច. អាចបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុនៃការពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធភាពនៃច្បាប់។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រធាន គ.ក.ច. ក៏បានផ្ដល់អនុសាសន៍ណែនាំដល់​អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់រួមមាន៖

ទី១៖ រៀបចំស្នើឱ្យក្រសួង ស្ថាប័ន រៀបចំផែនការ​សកម្មភាពបីឆ្នាំរំកិលស្របតាមផែនការសកម្មភាពរបស់អគ្គលេខា​ធិការ​ដ្ឋាន គ.ក.ច. ឆ្នាំ២០២៥-២០២៨
ទី២៖ ពន្លឿនការរៀបចំសេចក្ដីសម្រេចបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ ព្រមទាំងស្តង់ដានីតិវិធី​ប្រតិបត្តិ (SOP) ឱ្យបានច្បាស់លាស់
ទី៣៖ រៀបចំបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន ដោយ​គិតគូរនៅក្នុងការធ្វើស្ថាបនូបនីយកម្មនូវមុខងារកែទម្រង់អភិបាលកិច្ច ព្រមទាំងការរៀបចំសេចក្ដីព្រាងសារាចរណែនាំពាក់ព័ន្ធ
ទី៤៖ បន្តធ្វើការផ្សព្វផ្សាយដល់តួអង្គពាក់ព័ន្ធ(Communication)
និង៥៖ បន្តធ្វើការ​​បណ្តុះបណ្ដាលដល់អ្នកជំនាញការផ្នែកច្បាប់ ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង ស្ថាប័ន និងរៀបចំវិបស្សនាស្តីពី «អត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា» ព្រមទាំងរួមគ្នាពីគ្រប់តួអង្គ​​​ទាំងជាតិ​ និងដៃគូអភិវឌ្ឍ ក្នុង​ស្មារតីធ្វើបណ្ដើរ រៀនសូត្រនិងសិក្សាបណ្ដើរ ​ដើម្បីចូលរួមអនុវត្តផែនការសកម្មភាពសំដៅ​ឈានឆ្ពោះសម្រេចក្របខ័ណ្ឌយុទ្ធសាស្ត្រ​នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕