(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានលើកឡើងថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ មីក្រូប្លាស្ទិកត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ។

ការបង្ហាញក្តីព្រួយបារម្ភបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។

ពាក់ព័ន្ធនឹងវិធានការកាត់បន្ថយប្លាស្ទិក, ត្រូវបានលោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតអាទិភាពទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ការកែប្រែទម្លាប់ មកគោរពឱ្យតម្លៃ និងស្រលាញ់បរិស្ថាន តាមរយៈការលើកកម្ពស់ការយល់ដឹង សាធារណៈ ជំរុញឱ្យមានការប្តេជ្ញាចិត្ត និងលើកទឹកចិត្តចូលរួមសកម្មភាពបរិស្ថាន គឺជាកត្តាចាំបាច់បំផុត។ ការបណ្តុះភាពស្អាតក្នុងផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុង ឱ្យបុគ្គលម្នាក់ៗមានការគោរពស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមទាំងមូល។ យល់ពីតម្លៃពិតប្រាកដនៃបរិស្ថាន យល់ថាគ្រប់ទង្វើរបស់មនុស្សសុទ្ធតែមានផល ប៉ះពាល់ដល់បរិស្ថាន ហើយការថែរក្សា ការការពារបរិស្ថាន មិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ តែគឺជាការ ចូលរួមដោយស្មោះចេញពីបេះដូង និងដោយក្ដីស្រឡាញ់! ចិត្តស្អាតនាំមកនូវទង្វើស្អាត បរិស្ថានស្អាត និងសង្គមបៃតងប្រកបដោយចីរភាព!។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបន្តថា «ភាពស្អាតលើដី» ដែលផ្តោតសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង ពិសេសសំណល់ ប្លាស្ទិក និងការធ្វើអនាម័យបរិស្ថាន។ ក្រសួងបានដាក់ចេញនូវយុទ្ធនាការដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» «កម្ពុជាស្អាត ខ្មែរធ្វើបាន!» និង «ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក»។ យុទ្ធនាការទាំងនេះ គឺជាការបំផុសស្មារតី និងជំរុញទឹកចិត្តសាធារណជនគ្រប់រូបឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរួមគ្នាសម្អាតបរិស្ថាននៅតាមលំនៅឋាន ភូមិឋាន ទីសាធារណៈ និងតាមផ្លូវជាតិនានា។

គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាង ១១លានអង្គ/នាក់ បានប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក។ ជាង៦លានអង្គ/នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ផ្លូវជាតិ៥០ខ្សែ ស្មើនឹង ៧៣,៥% នៃចំនួនផ្លូវជាតិសរុប ៦៨ខ្សែ ត្រូវបានសម្អាត។ យុទ្ធនាការទាំងនេះ បានក្លាយជាចលនា ជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការនាំចូលថង់ប្លាស្ទិកបានថយចុះរហូតដល់៨៨% ធៀបនឹងឆ្នាំ២០២៣។ ស្របជាមួយយុទ្ធនាការ យើងក៏បានបន្តកសាងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងឱ្យកាន់តែប្រសើរឡើង ដោយបានបន្តធ្វើការពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសការគ្រប់គ្រង ការផលិត ការនាំចូល ចែកចាយ និងការប្រើប្រាស់ប្លាស្ទិកប្រើតែមួយដង (Single used plastic)។ មិនតែប៉ុណ្ណោះ យើងក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ ផ្លាស់ប្តូរមកប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ឬផលិតផលបរិស្ថានដែលអាចប្រើប្រាស់ឡើងវិញ។ ក្រសួងក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការពង្រឹងការប្រមូល ជំរុញការញែកសំរាមពីប្រភព និងការកែច្នៃសំណល់ឡើងវិញ។ ក្រសួងក៏បានចែកជូនធុងសំរាមដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព និងបានផ្តល់រថយន្តដឹកសំរាម និងម៉ូតូកង់បី ដល់រដ្ឋបាលក្រុង ស្រុក ឃុំ ដើម្បីជួយសម្រួលដល់ការងារប្រមូលសំរាម។

លើសពីនេះ ក្រសួងក៏កំពុងសិក្សាវាយតម្លៃ និងរៀបចំផែនការប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦កន្លែងភាគច្រើនជាទីលានចំហ ឱ្យទៅជាទីលានទុកដាក់សំរាមដែលមានសុវត្ថិភាពបរិស្ថានតាមបទដ្ឋានបច្ចេកទេស៕