(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការស្នើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដើម្បីលើកកម្ពស់ដល់ការនាំចេញ និងការទាញយកផល ប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ និងពហុភាគី។

សិក្ខាសាលានេះ បានរៀបចំនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ន ដែលមានការចូលរួមពីសមាជិក សមាជិកា សមាគមរាប់រយនាក់ ដែលប្រព្រឹត្តទៅ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី នីតិវិធីនៃការស្នើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ខាងលើនេះ បានផ្តោតលើចំណុច សំខាន់ៗចំនួន៣ មានដូចជា៖

*១៖ នីតិវិធីនៃសំណើសុំនាំចូលទំនិញពាក់កណ្តាលសំរេច Semi-Product.

*២៖ នីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ

*៣៖ វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងការអនុវត្តនីតិវិធីនៃការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅសហរដ្ឋអាម៉េរិក៕