(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ត្រូវបានប្រារព្ធឡើងដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ «គ» ផ្នែកឯកជន​។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ 
១៖ បញ្ហាស្តុកទំនិញនៅកំពង់ផែ
២៖ បញ្ហាថ្លៃឡូឡូកុងតឺន័រ
៣៖ ការប្រកួតប្រជែងមិនស្នើភាពគ្នាក្នុងអាជីវកម្ម
៤៖ ការចុះបញ្ជីផលិតផលរបស់សហគ្រាសធុនតូច​ និងមធ្យម ព្រមទាំងការស្នើសុំ CO រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។⁩