(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក BEAT PLASTIC POLLUTOIN» នៅបរិវេណកំពង់ផែចុងឃ្នៀស សង្កាត់ចុងឃ្លៀស ក្រុងសៀមរាប ក្រោមវត្តមានលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ចុងឃ្នៀសប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះលោក យុន លីនណេ បានលើកឡើងថា ទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជន ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន។
លោកបន្តថា ការគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់ ព្រមទាំងបំផុសចលនាគ្រប់មជ្ឈដ្ឋានចូលរួម ប្រមូលផ្តុំគ្នាសម្អាតបរិស្ថានក្នុងក្រុងឱ្យបានស្អាត មានសោភ័ណភាព បរិយាកាសស្រស់បំព្រង និងជាសារអប់រំដល់ប្រជាពលរដ្ឋ ឱ្យបន្តស្រឡាញ់បរិស្ថាន ថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន។
លោកបន្ថែមថា ផ្លូវថ្នល់ស្អាត គ្មានសំណល់សំរាមប្លាស្ទិក គឺផ្តើមចេញពីយុទ្ធនាការនៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះបរិស្ថានតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោក យុន លីនណេ រំពឹងថាព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកបន្ថែមសម្រាប់ក្រុងសៀមរាបនឹងក្លាយជាទីក្រុងគំរូ និងកាន់តែមានភាពទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង បរិយាកាសល្អ ខ្យល់បរិសុទ្ធគួរជាទីចាប់ អារម្មណ៍យ៉ាងក្រៃលែង។
លោកសង្ឃឹមថា ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប នឹងរក្សានូវទម្លាប់ល្អក្នុងការញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ ដូចពាក្យស្លោក «យើង រួមកម្លាំងគ្នាដើម្បីបរិស្ថានក្រុងសៀមរាបស្អាត» ព្រមទាំងចូលរួម «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» កាត់បន្ថយថង់ប្លាស្ទិក កែច្នៃ ឬប្រើប្រាស់ឡើងវិញ ជាពិសេសបញ្ឈប់ការដុតសំណល់ ប្លាស្ទិក ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ភពផែនដី ជាពិសេស សុខភាពមនុស្ស សត្វ និងធម្មជាតិ៕