(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution)» ។
នាឱកាសនោះលោក សួន សុម៉ាលីន បានថ្លែងថា ប្រធានបទ៖ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក(Beat Plastic Pollution) ត្រូវបានជ្រើសរើសឡើង ស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើងនៃសំណល់ប្លាស្ទិក ដែលក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។
ក្នុងឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង លើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាននិងសហគមន៍ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»៕