(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បាននាំខ្លួនក្រុមសន្តិសុខអគារ កម្ពុជា DV និងអ្នកដឹកជញ្ជូន​មកធ្វើកិច្ចសន្យា​បញ្ចប់រឿង ក្រោយមានជម្លោះវាយតប់គ្នា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នៅវេលាម៉ោង ១៦៖៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយ​ទៅលើបុរសម្នាក់, ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤។

ជាលទ្ធផលក្រោយមានការសួរនាំបានបញ្ជាក់ថា ភាគីសន្តិសុខ របស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀតជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនDV នេះតែម្តង ក្រោយពីមានករណីនេះកើតឡើង ភាគីទាំងពីរត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំដោយភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះមិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ៕