(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីស្វែងយល់អំពី សក្តានុពលទេសចរណ៍កម្ពុជា និងពិភាក្សាលើ កិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្ត Gyeonggi ដ៏ធំ និងមានប្រជាជនច្រើនជាងគេក្នុងប្រទេសកូរ៉េ។

ជំនួបនេះ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូជាន់ខ្ពស់ ចូលរួមសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជម្រាបជូនលោកប្រធាន និងសហការី ពីសភាពការណ៍ពិតពីនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាន ជាពិសេស សក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។ ចាប់តាំងពីប្រាង្គប្រាសាទដ៏ល្អវិចិត្ររាប់ពាន់នៅពាសពេញផ្ទៃប្រទេស គោលដៅទេសចរណ៍ដ៏សំបូរបែបចាប់ពីតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រង ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាស ដែលជាទីគាប់ចិត្តរបស់អ្នកទេសចរគ្រប់វ័យ និងគ្រប់រសនិយម។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានយល់ស្របគ្នាលើការសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយហេតុថាទាំងកម្ពុជា និងខេត្ត Gyeonggi សុទ្ធតែមានសក្តានុពលខ្ពស់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់គ្នាទៅវិញទៅមក ជាពិសេសគឺការស្វែងរកគោលដៅទេសចរណ៍ដែលមានលក្ខណៈពិសេសធម្មជាតិ និងបេតិកភណ្ឌ៕