(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC), លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោងនៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុគណៈកម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាព CMAC ដែលជាមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ប្រមាណ៧,៨លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខារួមគ្នា បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ សម្រាប់ពង្រឹងសមត្ថភាពអង្គភាព CMAC តាមរយៈការធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមាន៖ គ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្ត Bus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់៕