(កណ្ដាល)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសន្យាថានឹងទាក់ទាញក្រុមហ៊ុនបារាំងបន្ថែមទៀត ដើម្បីមកធ្វើការវិនិយោគ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោ និងក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Jacques Pellet ដឹកនាំគណៈប្រតិភូចុះមកទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «លោក Jacques Pellet សង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនបារាំងមួយចំនួន មកបន្ថែមទៀត ដើម្បីចូលរួមក្នុងការវិនិយោគ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោផង និងនៅក្នុងប្រទេសកម្ពុជាផង»។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានប្រាប់ថា ក្រោយពីចុះពិនិត្យរួចមក លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយមិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជា សាងសង់ព្រលានយន្ដហោះអន្ដរជាតិតេជោ បានយ៉ាងអស្ចារ្យបែបនេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕