(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសពីការទទួលបានសមាជិកពេញសិទ្ធិ (មានសិទិ្ធបោះឆ្នោត) នៅក្នុងអង្គការវេចខ្ចប់ពិភពលោក (WPO) នាពេលថ្មីៗនេះ។ វឌ្ឍនភាពនេះ គឺជាជំហានដ៏សំខាន់មួយទៀតរបស់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ បង្កើន ភាពប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារក្នុងស្រុក។

សូមរំលឹកផងដែរថា មជ្ឈមណ្ឌល CPC ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៤ ដោយមានគោលដៅរួមចំណែកលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា។ CPC ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA)។

ចំពោះមុខមជ្ឈមណ្ឌលនឹងផ្តល់នូវដំណោះស្រាយ សមស្របតាមតម្រូវការរបស់អាជីវករ និងសហគ្រាសក្នុងស្រុកបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកម្ហូបអាហារនូវជំនាញផ្នែកវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ទីផ្សារពិភពលោក ដែលមានភាពរស់រវើក និងការផ្សារភ្ជាប់ទៅវិញទៅមក ការវេចខ្ចប់ប្រកបដោយភាពច្នៃប្រឌិតអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបាននូវសុវត្ថិភាពម្ហូបអាហារ បង្ការការចម្លងមេរោគ និងពន្យារអាយុកាលប្រើប្រាស់ ជាពិសេសសម្រាប់ផលិតផលនាំចេញ។

ការកែលម្អការវេចខ្ចប់ ផលិតផលកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ ជួយពង្រីកទីផ្សារថ្មី និងលើកកម្ពស់ភាពប្រកួតប្រជែងបានកាន់តែប្រសើរ។ ជាពិសេសដំណោះស្រាយផ្នែកវេចខ្ចប់ ក៏អាចជួយកាត់បន្ថយការខាតបង់ម្ហូបអាហារ និងកាកសំណល់បានកាន់តែប្រសើរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជួយឱ្យសម្រេចបានសន្តិសុខស្បៀង និងនិរន្តរភាព។

សមាជិកភាពរបស់ CPC ក្នុងអង្គការ WPO ផ្តល់លទ្ធភាពឱ្យមជ្ឈមណ្ឌល ទទួលបានជំនាញបច្ចេកទេស បច្ចេកវិទ្យាវេចខ្ចប់ថ្មីៗ និងដកស្រង់នូវមេរៀនបទពិសោធន៍ និងការអនុវត្តល្អៗពីជុំវិញពិភពលោក។ធនធានទាំងនេះ ជួយឱ្យកម្ពុជាបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារជាសាកល ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងលើកទឹកចិត្តឱ្យទទួលយកការអនុវត្តការវេចខ្ចប់ប្រកបដោយនិរន្តរភាព មេត្រីភាពបរិស្ថាន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។

លោកបណ្ឌិត ប៊ុនតុង បូរារិន អ្នកសម្របសម្រួលជាន់ខ្ពស់របស់ CPC មានប្រសាសន៍ថា៖ «សមិទ្ធផលនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យវេចខ្ចប់នៅកម្ពុជា។ វាបើកឱកាសសម្រាប់កិច្ចសហការ ការចែករំលែកចំណេះដឹង និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម័យថ្មី ជួយកែលម្អស្តង់ដាឧស្សាហកម្មក្នុងស្រុកពង្រីកសក្តានុពលក្នុងការនាំចេញ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកផលិតដូចគ្នា»។

តួនាទីរបស់កម្ពុជាក្នុងការលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ក្នុងការវេចខ្ចប់ កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជាអន្តរជាតិ។ វឌ្ឍនភាពនេះ ជួយកសាងទំនុកចិត្តលើផលិតផលកម្ពុជា ពង្រីកសក្តានុពលក្នុងការនាំចេញ រួមចំណែកដល់ការបង្កើតការងារ និងភាពធន់របស់សេដ្ឋកិច្ចជាតិ។

តាមរយៈសមាជិកភាពជាមួយអង្គការ WPO មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នឹងដើរតួនាទីស្នូលក្នុងការចែករំលែកជំនាញ ប្រើប្រាស់ការអនុវត្តល្អប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងនេះ ជួយកសាងភាពធន់បានយូរអង្វែង និងលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យម្ហូបអាហារ និងការវេចខ្ចប់នៅកម្ពុជា។» នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស UNIDO សម្រាប់គម្រោង CAPFISH-Capture។

វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CPC ក្នុងការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់ប្រកបដោយសុវត្ថិភាព នវានុវត្តន៍ និងនិរន្តរភាព ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ការពារសុខភាពអ្នកបរិភោគ និងគាំទ្រដល់ការអភិវឌ្ឍវិស័យនេះជានិច្ចនិរន្តរ៍៕