(ព្រះវិហារ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត នាំយកអំណោយ និងសួរសុខទុក្ខជាមួយកម្លាំងប្រដាប់អាវុធឈរជើងការពារនៅតំបន់ព្រំដែន ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ជំហរគាំទ្ររាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសំណាក់រដ្ឋសភា ព្រឹទ្ធសភា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងនាមរដ្ឋបាលបាលខេត្ត លោកក៏បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ព ជួរមុខឈរជើងតាមបណ្តោយព្រំដែន និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដែលបានលះបង់របស់កងទ័ព នូវក្នុងកិច្ចការពារជាតិប្រកបដោយ ឆន្ទៈមោះមុត ស្មារតីស្នេហាជាតិ ជាពិសេសតាមខ្សែរបន្ទាត់ព្រំដែន។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា យន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខ គឺជាការគិតគួរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបន្តគៀងគរថែមជានិច្ច សម្រាប់គាំទ្រកងកម្លាំងជួរមុខ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគួរសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច ជាពិសេសវត្តមានលោកបណ្ឌិត អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលបានចុះមកសំណេះសំណាលផ្ទាល់លើកទឹកចិត្ត និងបានប្តេជ្ញាបន្តការពារបូរណភាពទឹកដីអធិបតេយ្យភាពភាពសុខសាន្តប្រជាជនកម្ពុជា និងរក្សាសន្តិភាពជាតិ។
អំណោយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនាឱកាសនោះ រួមមាន សាច់គោ៥០០គីឡូក្រាម, សាច់ជ្រូក៥០០គីឡូក្រាម, ត្រីងៀត១០០គីឡូក្រាម និងថវិកាចំនួន១០០លានរៀល បន្ថែមក្នុងនោះទៀត លោកបណ្ឌិតជូនដល់កងទ័ពចូលរួមក្នុងកម្មវិធីម្នាក់១០មុឺនរៀងទៀតផងដែរ៕