(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធរឿងជម្លោះនៅព្រំដែន, លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅ​លើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលជាក់ស្តែង កងទ័ពថៃ ជាអ្នកបើកការបាញ់​ប្រហារមកលើទីតាំង​កងទ័ពកម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ»

លោក ជុំ សុន្ទរី បានបន្ថែមថា ហេតុការណ៍ពិតប្រាកដគឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥៖៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំង​យោធាថៃ បានបើកការបាញ់​ប្រហារមកលើទីតាំង​កងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត ។

លោក ជុំ សុន្ទរី បានអះអាងថា ការវាយប្រហារនេះបានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេសតំបន់មានទំនាស់។

អ្នកនាំពាក្យ រូបនេះ បានបញ្ជាក់ថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕