(ក្រចេះ)៖ រយៈពេល៥ខែ ឆ្នាំ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ប្រកាសតំបន់វិនិច័្ឆយ៥១ភូមិ និងធ្វើកាវាស់វែងបានចំនួន៣០,៦៤៨ក្បាលដី ស្មេីនឹង១៨,៤១៨.៩៤ហិកតា ក្នុងនោះបានបិទផ្សាយក្បាលដីជាសាធារណៈ ចំនួន៩,៣៩៧ក្បាលដី ស្មេីនឹង១០,២៣៥គ្រួសារ ស្មេីនឹង១៨,៤១៨.៩៤ហិកតា និងបានចេញបណ្ណ ចំនួន២,៩៥៣ក្បាលដី ស្មេីនឹង១,៤៧៥គ្រួសារ ស្មេីនឹង២,៦៩៨.៣៦ហិកតា។

លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្រ្តខេត្តក្រចេះ បច្ចុប្បន្ននេះក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានចំនួន៦ក្រុម ដែលបានកំពុងអនុវត្តការវាស់វែងក្នុងស្រុកទាំង៦ ក្នុងនោះរួមមាន ស្រុកចិត្របុរី ឆ្លូង ព្រែកប្រសព្វ សំបូរ ស្នួល និងស្រុកអូរគ្រៀងសែនជ័យ។ ដោយឡែកក្រុងក្រចេះ បានបិទបញ្ចប់ការវាស់វែងរួច១០០ភាគរយ និងបានចេញបណ្ណកម្មសិទ្ធផងដែរ។

លោកបានបន្តថា ដេីម្បីអនុវត្តតាមគោលដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងស្របតាមយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានជំរុញលេីការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ឲ្យកាន់តែស៊ីជម្រៅ ជាមួយការបង្កើតឲ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អ៊ូ សុបុណ្ណកា បានបន្ថែមទៀតថា រដ្ឋបាលខេត្តក្រចេះ រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត នឹងខិតខំប្រឹងប្រែងដើម្បីជំរុញការចុះបញ្ជីដីទូទាំងខេត្តក្រចេះ ឲ្យបានចប់នៅឆ្នាំ២០២៥នេះ។ ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួម ក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលកន្លងមកអាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបំពេញបន្ថែមក្រោយបាន ខណៈក្បាលដីដែលកំពុងមានវិវាទអាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ ជាស្ថាពរតាមនីតិវិធី។

លោកប្រធានមន្ទីរ ក៏បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី ដែលមន្ទីរបានចេញបណ្ណរួច សូមអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិឲ្យបានគ្រប់ៗគ្នា៕