(សៀមរាប)៖ សមាជិកនៃសមាគមចុងភៅកម្ពុជា ដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ក្នុងនោះមាន៖ មេដាយមាសចំនួន៦, មេដាយប្រាក់ចំនួន៧, មេដាយសំរឹទ្ធិចំនួន៨ និង ពានរង្វាន់ធំ ចំនួន១ (Best Ultimate Asian Gourmet Challenge), ប្រាក់រង្វាន់ចំនួន ២ ម៉ឺនបាត ព្រមទាំង វិញ្ញាបនប័ត្រតាមលំដាប់ពិន្ទុ និងលិខិតថ្លែងអំណរគុណ ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ ដែលមានឈ្មោះថា Thailand Ultimate Chef Challenge 2025 (TUCC) កាលពីថ្ងៃទី២៧-៣១ ខែឧសភា ២០២៥កន្លងទៅថ្មីៗនេះ។
ការប្រកួតលំដាប់អន្តរជាតិ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាពប្រមាណជា ៥០០នាក់ និងមកពី ៩ប្រទេស រួមមាន៖ ប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ចិនតៃវ៉ាន់ កូរ៉េ ខាងត្បូង និងប៉ាគីស្ថាន។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ដែលយើងទទួលបាននេះ គឺបានមកពីការប្រកួត «Asian Gourmet Challenge» មានប្រទេសចំនួន០៣ចូលរួម មានប្រទេសថៃដែលជាម្ចាស់ផ្ទះ, ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលការប្រកួតនេះជាក្រុម ហើយក្នុងមួយក្រុមមានគ្នា០៣នាក់ និងមាន១១ក្រុមផងដែរ។
អ្នកស្រីបានបន្តថា សម្រាប់មុខម្ហូបវិញយើងចម្អិនចំនួន១០មុខ ហើយក្នុងចំណោម១០មុខនឹង យើងជ្រើសរើសយកមុខម្ហូបចំនួន ០៤ប្រទេស នៅជុំវិញតំបន់អាស៊ី។ អ្នកស្រីបន្តថា សម្រាប់អ្នកដែលទទួលបានពានរង្វាន់ធំ គឺគាត់លើកយកមុខម្ហូបខ្មែរ មានដូចជា៖ អាម៉ុកខ្មែរ, មុខម្ហូបវៀតណាម, មុខម្ហូបឡាវ និងមុខម្ហូបឥណ្ឌូនេស៊ី មកចូលរួមក្នុងការប្រកួត។
អ្នកស្រី ប៉ុល គឹមសាន បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងចំពោះចុងភៅខ្មែរយើង ដែលទទួលបាន «ពានរង្វាន់ធំ» នេះ។ សម្រាប់អ្នកស្រី កាលដែលមកកាន់តំណែងជាប្រធានសមាគមចុងភៅកម្ពុជានេះ គឺជាលើកដំបូងហើយ ដែលទទួលបានពានរង្វាន់ធំនឹង ប៉ុន្តែរយៈពេលកន្លងមក គឺយើងទទួលបាន «ពានរង្វាន់ធំ» នេះ ចំនួន៣ ក្នុងនោះ នៅឆ្នាំ២០១៤, នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២៥នេះ។
អ្នកស្រីបន្ថែមថា មុននឹងចូលរួមប្រកួត គឺត្រូវចុះឈ្មោះដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតមុនរយៈពេល២ខែ បន្ទាប់ពីចុះឈ្មោះរួច ក្រុមនីមួយៗបានធ្វើតេស្តសាកល្បងយ៉ាងតិច៣ដង ទៅ៤ ដើម្បីទទួលបានលទ្ធផលជាក់ស្តែងយកទៅចូលរួមក្នុងការប្រកួត។ ក្នុងនោះដែរ ត្រូវពិនិត្យពីពេលវេលា ការសហការគ្នា និងអនាម័យ ជាពិសេសរស់ជាតិ និងការតុបតែងម្ហូបផងដែរ។
អ្នកស្រីបញ្ជាក់ថា ការដឹកនាំកូនក្រុមទៅចូលរួមការប្រកួតនេះ អ្នកស្រីក៏ជាគណៈកម្មាការផងដែរ នឹងមើលឃើញថា ក្រុមការងាររបស់យើងភាគច្រើនគាត់ធ្វើបានល្អច្រើនជាងឆ្នាំមុនៗ ដោយសារគាត់បានចូលរួមជាច្រើនដង។ ការចូលរួមប្រកួតនេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយមុខម្ហូបរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ៕