(រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសជាថ្មីម្ដងទៀតថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) មិនមែនជាការបញ្ឆេះសង្គ្រាមជាមួយប្រទេសថៃនោះទេ ពោលជាការរំលត់បញ្ហាដែលបន្ដអូសបន្លាយ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បណ្ដឹងរវាងកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ បើទោះបីតុលាការយុត្តិធម៌អន្ដរជាតិ សម្រេចបែបណានោះ កម្ពុជានឹងទទួលយកតាមការសម្រេច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តុលាការកាត់យ៉ាងមិចកម្ពុជាទទួលយក ទទួលស្គាល់ ហើយបញ្ចប់។ មិនមែនយកទៅតុលាការ ICJ ដើម្បីបញ្ឆេះសង្គ្រាមនោះទេ គឺជាការបញ្ចប់ភ្លើងជៀសឲ្យផុតពីការប្រយុទ្ធគ្នាដោយមិនចាំបាច់ ព្រោះតែប្រយុទ្ធគ្នាមានហើយស្លាប់រស់ទាំងសងខាងគ្មានអ្នកណានៅទេ»

បើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា, គោលជំហររបស់រាជរដ្ឋាភិបាល ការសម្រេចចិត្តយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងដោយសន្ដិវិធី បានឆាប់រហ័សចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានេះអូសបន្លាយយូរទៅទៀត ដែលអាចបង្កជម្លោះតាមព្រំដែន។

បើទោះបី បាញ់ឆ្ពោះត្រង់ទៅការដោះស្រាយគ្នាតាមប្រព័ន្ធតុលាការយ៉ាងណាក្ដី តែកម្ពុជាមិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្ដេចបានចាត់ទុកថា កម្ពុជា ប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។ សម្ដេចបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឲ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ៕