(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហានៅមុំ៣ ក្លាយទៅជាជម្លោះជាតិសាសន៍ សម្ដេចបានបញ្ជាក់ថា នៅថៃមានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរ។ ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធិផលនានា ក្នុងវិស័យអប់រំនៅខេត្តរតនគីរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ពលរដ្ឋថៃ មិនមែនស្អប់ខ្មែរទាំងអស់នោះទេ ខណៈដែរប្រជាជនថៃនៅបាងកកមានជាង៥លាននាក់បូករួមជាមួយប្រជាជនជុំវិញនោះជាច្រើនទៀត ប៉ុន្តែមានជនជ្រុលនិយមតែជាង២០០នាក់ប៉ុណ្ណោះដែរបានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរ នេះគឺជាចំនួនមួយតិចតួចប៉ុណ្ណោះ។ កម្ពុជាធ្លាប់មានបទពិសោធន៍ខាតបង់ជុំវិញការបញ្ឆេះកំហឹងជាតិសាសន៍នេះរួចហើយកាលពីឆ្នាំ២០០១កន្លងទៅ ដែលនាំឱ្យមានការដុតស្ថានទូតថៃប្រចាំនៅកម្ពុជានាពេលនោះ ដោយសារតែព័ត៌មានកន្លែងក្លាយ បង្កើតកំហឹងរវាងប្រជាជន និងប្រជាជន។
ដូច្នេះហើយបញ្ហាព្រំដែនសូមទុកឱ្យអ្នកជំនាញព្រំដែន និងរដ្ឋាភិបាលជាអ្នកដោះស្រាយ មិនអាចយកបញ្ហាជាតិនិយម មកដោះស្រាយបានឡើយ។ នេះជាការសង្កត់ន័យកាន់តែច្បាស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អញ្ចឹងបានន័យថាប្រជាជនយើងទាំង២ មានអ្នកស្រលាញ់ជាតិ អ្នកខ្លះស្មារតីជាតិនិយមជ្រុលបន្តិច ប៉ុន្តែរឿងព្រំដែនទុកឱ្យរឿងព្រំដែន ហើយជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងជាអ្នកដោះស្រាយនៅកន្លែងណាដែលកើតហេតុ ក្រៅពីហ្នឹងកុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិ និងជាតិ។ ព្រោះបើសិនជាជាតិ និងជាតិ គឺរាលពេញប្រទេសចាប់ខ្មែរបញ្ជូន ចាប់ដៃបញ្ជូនទៅវិញទៅ យើងរក្សាស្ថេរភាព រក្សាសាមគ្គីភាព មិត្តភាព រឿងវាកើតវាដោះបញ្ចប់។ អញ្ចឹងរឿងនេះខ្ញុំសូមឱ្យបងប្អូនរក្សាភាពនឹងន ជឿទុកចិត្តលើរាជរដ្ឋាភិបាល ការប្រើប្រាស់់យន្តការបច្ចេកទេស យន្តការច្បាប់អន្តរជាតិ នឹងបើចាំបាច់ការពារបូរណភាពទឹកដី ប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីការពារដោះស្រាយបញ្ហា ការពារបូរណភាពទឹកដីរបស់យើង។ កុំបង្កើតជាជម្លោះតាមហ្វេសប៊ុក ឈានទៅដល់ការវាយគ្នា នៅថៃមានអ្នកជ្រុលនិយម អ្នកជាតិនិយមប្រកាសឱ្យចាប់ខ្មែរបណ្ដេញចេញ មានហាងខ្លះគេដាក់ឈប់លក់ឱ្យខ្មែរ។ តែសួរថាមួយក្រុងបាងកកគ្រប់គ្នាតាមពួកគេទេ? អត់ទេ! អញ្ចឹងអ្នកនោះនៅជាភាគតិច តែបើប្រជាជនខ្មែរប្រជាជនថៃ ចាប់ផ្ដើមជល់គ្នាទៅវិញទៅមក ឡងគ្នាទៅវិញទៅមកទូទៅវាបង្កើតជារឿងផ្សេងអាហ្នឹងហើយជាបញ្ហា»។
យ៉ាងណាមិញជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅពេលនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចយកទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់បញ្ហាព្រំដែនរបស់វាងប្រទេសទាំង២ ហើយបើសិនជាតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជានឹងទទួលយកលទ្ធផលនោះ។ នេះគឺជាការបញ្ជាក់ជំហររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕