(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៥ បានថ្លែងថាការអភិវឌ្ឍនៅខេត្តរតនគិរី គឺអភិវឌ្ឍន៍រុញផលឱ្យទទួលបានទាំងអស់គ្នា ហើយការវិនិយោគនៅខេត្តភាគឦសាន មិនមែនជាការដណ្តើមការងារ ឬដណ្តើមដីរបស់ប្រជាពលរដ្ឋនោះឡើយ គឺដើម្បីតែជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៅក្នុងខេត្តតែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។
ចំពោះមុខអង្គពិធី, សម្ដេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាការអភិវឌ្ឍនៅខេត្តរតនគិរី គឺជាការអភិវឌ្ឍរុញផលឱ្យទទួលបានទាំងអស់គ្នា ដោយមិនប្រកាន់ មិនបោះបង់នរណា ឬលុបចោលជនជាតិដើមភាគតិចនោះឡើយ។
ដោយ សម្ដេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា៖ «បើសិនជាកំណើនសេដ្ឋកិច្ចនៅទីនេះ ប្រជាជនកើនកាន់តែលឿន ដោយសារអី? ដោយសារហ្នឹងមានប្រជាពលរដ្ឋដែលរស់នៅខេត្តផ្សេងៗ ចង់មករកឱកាសការងារ ឱកាសអភិវឌ្ឍន៍នៅខេត្តនេះកាន់តែច្រើន។ មករកប្រកបរបរអាជីវកម្ម រកស៊ីទទួលទាន រកការងារធ្វើនៅទីនេះ អ៊ីចឹងកើនឡើងកាន់តែច្រើន»។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តរតនគិរី នឹងមិនមានការប្រកាន់ប្រជាពលរដ្ឋពីខេត្តផ្សេងៗ ដែលចូលមកវិនិយោគ ឬបំពេញការងារនៅក្នុងខេត្តរបស់ខ្លួន ដែលនេះមិនមែនមកដើម្បីដណ្ដើមដីប្រជាពលរដ្ឋនោះទេ តែមកបង្កើនកម្លាំងសេដ្ឋកិច្ច អភិវឌ្ឍន៍ក្នុងខេត្តឱ្យមានការរីកចម្រើនទ្វេដង៕