(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា មិនបោះបង់យន្តការទ្វេភាគីនោះឡើយ នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ចំពោះការយកជម្លោះព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់បញ្ហា។ តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណាកម្ពុជានឹងទទួលយក។

ការបញ្ជាក់បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ ដែលកម្ពុជាបានយកទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជា-ថៃ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនចោលយន្តការទ្វេរភាគីទេ យើងមានយន្តការច្រើនណាស់ទ្វេរភាគី រវាងក្រសួងការបរទេស និងក្រសួងការបរទេស រវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិ រវាងភូមិភាគ និងភូមិភាគ យើងបន្ត […] ហើយរឿងព្រំដែននេះ៨០០គីឡូម៉ែត្រ អីឡូវនេះយើងរកឃើញប្រហែល ២០០គីឡូម៉ែត្រ យើងរកឃើញ៤៤បង្គោល លើ៧៣បង្គោល ហើយនៅសល់រាប់រយគីឡូទៀត ដែលត្រូវកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន»

ពាក់ព័ន្ធនឹងការកំណត់ខណ្ឌសីមា រវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃ, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះទីតាំងដែកលបានជាប់គាំង គឺត្រូវស្វែងរកភាគីទី៣ ដើម្បីចូលរួមដោះស្រាយដើម្បីបញ្ហាវិវាទ ខណៈទីតាំងដទៃទៀត ភាគីទាំងពីរ ត្រូវតែបន្តអនុវត្តទៅតាមយន្តការនានា ទៅតាមការឯកភាពគ្នាដែលមានរវាងប្រទេសពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ចំពោះការដោះស្រាយកំណត់បង្គោលខណ្ឌសីមា រវាងប្រទេសកម្ពុជា និងថៃ គឺភាគីទាំងដោះស្រាយតាមយន្តការបច្ចេកទេស ប្រសិនបើនៅបន្តជាប់គាំងច្បាស់ណាស់ គឺត្រូវតែស្វែងយន្តការអន្តរជាតិ ចូលរួមដោះស្រាយបញ្ជាក់ពីភាពត្រឹមត្រូវ។ ចំពោះការប្ដឹង នេះ គឺដើម្បីពន្លត់កុំឱ្យកម្ពុជា-ថៃ មានបញ្ហាព្រំដែនតំបន់នេះបន្តរ៉ាំរ៉ៃ បញ្ជៀសនូវសង្គ្រាម ហើយលទ្ធផលយ៉ាងណាកម្ពុជានឹងទទួលយក។

គួរឱ្យដឹងថា កម្ពុជា​-ថៃ ​នឹង​ជួប​ពិភាក្សា​គ្នា​រឿង​បញ្ហា​ព្រំដែន​នៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៥ ខាងមុខ ​ក្នុង​រាជធានីភ្នំពេញ ទោះជាយ៉ាងណារដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​នឹង​មិន​ជជែក​បញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង​តំបន់មុំបី ជាមួយថៃ​នោះ​ទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹមថាកិច្ចប្រជុំខាង​មុខ​នឹង​ចរចាបញ្ហា​ដែលនៅ​សេសសល់ពី​តំបន់​៤ខាង​លើ ដោយ​ផ្អែក​លើ​ MOU ឆ្នាំ២០០០ និង​សន្និសញ្ញា​ដែល​បាន​ព្រមព្រៀងគ្នាពីមុន​មក​។

បញ្ហាព្រំដែននៅចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣ បានក្លាយជាបញ្ហា​រកាំរកូសរវាងកងទ័ពថៃ និងកម្ពុជាមកជាយូរមកហើយ រហូតមានការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែកើនកម្ដៅបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមិថុនាថ្មីៗ បានប្រកាសថាកម្ពុជានឹងបញ្ជូនករណីជម្លោះនៅតំបន់ទាំង៤ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់បញ្ហាដែលរ៉ាំរ៉ៃនេះ និងត្រូវបានអង្គសមាជបោះឆ្នោតគាំទ្រជាសំឡេងរួមឱ្យបន្តដំណើរការបណ្ដឹងផងដែរ៕